ឯកឧត្ដម វ៉េង សិរីវុឌ្ឍ និងឯកឧត្ដម សួស សោភា អញ្ជើញបិទវគ្គ គរុកោសល្យនិងវិធីសាស្ត្របង្រៀន កម្រិតឧត្តម នៅសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាបឹងកេងកង

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែកុម្ភៈ ក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម និងបណ្ឌិត្យសភាស្រាវជ្រាវនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានរៀបចំពិធីបិទវគ្គគរុកោសល្យនិងវិធីសាស្ត្របង្រៀន-កម្រិតឧត្តម និងពិធីប្រគល់វិញ្ញាបនបត្រ បណ្ណសរសើរ និងវិញ្ញាបនបត្រកិត្តិយសជាន់ខ្ពស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម វ៉េង សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង ឯកឧត្ដម សាស្ត្រាចារ្យ បណ្ឌិត សួស សោភា ទីប្រឹក្សាក្រសួងផែនការ នាសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាបឹងកេងកង។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់១. ឯកឧត្ដមទីប្រឹក្សាក្រសួងមហាផ្ទៃ ២. លោកឧត្តមទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ៣. លោកនាយកសាលាអន្តរជាតិសិង្ហបុរី(SIS) ៤. កញ្ញានាយិកាសាលាបញ្ញាសាស្ត្រ សាខាច្បារអំពៅ ៥. លោកនាយកសាលារៀនសុវណ្ណភូមិ សាខាចំការដូងនិងកំពង់ធំ ៦. លោក-លោកស្រីសហគ្រិន ៧. អគ្គនាយកគ្រឹះស្ថានហិរញ្ញវត្ថុ ៨. អគ្គនាយកក្រុមហ៊ុនរៀលអេស្ទែត ៩. អ្នកពាក់ព័ន្ធជាច្រើនរូបទៀត រួមទាំងសិក្ខាកាមជ័យលាភី សរុបចំនួន១០៩រូប។
ជាកិច្ចចាប់ផ្តើម លោកសាស្ត្រាចារ្យ បណ្ឌិត ឈិន សីហា ទីប្រឹក្សាជាន់ខ្ពស់សមាគមទទួលបន្ទុកជាអគ្គាភិបាលនៃក្រុមប្រឹក្សាក.វ.ស.ក.ស. ឡើងថ្លែងសុន្ទរកថាស្វាគមន៍និងអានរបាយការណ៍បូកសរុបការងារបណ្តាលតាំងពីការចាប់ផ្តើមវគ្គ អំឡុងវគ្គ និងបញ្ចប់វគ្គនាថ្ងៃនេះ។ លោកបានបង្ហាញអំពីកម្មវិធីសិក្សា ការវាយតម្លៃ ការសរសេរកិច្ចតែងការបង្រៀន មេរៀនដែលត្រូវសិក្សា និងក្រមសីលធម៌គ្រូបង្រៀនផងដែរ។ លោកបានបង្ហាញនូវសមិទ្ធផលនានាដែលក្រុមប្រឹក្សាសម្រេចបាននាពេលកន្លងជូនដល់អង្គពិធីទាំងមូលជ្រាប។
ក្នុងនោះ ឯកឧត្ដម សាស្ត្រាចារ្យ បណ្ឌិត សួស សោភា ទីប្រឹក្សាក្រសួងផែនការនិងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប(AEU) បានផ្តល់នូវបានវាយតម្លៃខ្ពស់អំពីការបណ្តុះបណ្តាលរបស់ក្រុមប្រឹក្សាប្រកបដោយគុណភាព ប្រសិទ្ធភាព និងទទួលបានជោគជ័យ។ ឯកឧត្ដមក៏បានកោតសរសើរនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំបន្តបណ្តុះបណ្តាលវគ្គជំនាញឲ្យបានផុលផុសនិងថ្មីៗបន្តទៀត។
បន្ទាប់មក ឯកឧត្ដម វ៉េង សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានមានមតិសំណេះសំណាលនិងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
១. វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុមប្រឹក្សា
២. ពេញចិត្ត ឯកភាព និងគាំទ្រនូវគុណភាពនៃការបណ្តុះបណ្តាលវគ្គគរុកោសល្យ និងវគ្គនានារបស់ក្រុមប្រឹក្សា
៣. គាំទ្រនូវសកម្មភាពនានាដែលក្រុមប្រឹក្សាសម្រេចបាននាពេលគន្លងមក
៤. សិល្បៈនៃជីវិត រៀនធ្វើខ្លួនជាទឹកកន្លះកែវ
៥. ធ្វើជាគ្រូបង្រៀនប្រកបដោយគុណធម៌ …។
ឯកឧត្តម បានថ្លែងសាទរចំពោះសមណសិក្ខាកាម និងសិក្ខាកាមជយលាភីដែលបានប្រឹងប្រែង ខិតខំ និងប្តេជ្ញារហូតទាល់ទទួលបានជោគជ័យ ជាផ្លែផ្កាក្នុងការទទួលវិញ្ញាបនបត្រនាថ្ងៃនេះ។
ជាកិច្ចបន្ត ព្រះមហា បណ្ឌិត ង៉ែត សុភាព ព្រះរាជឧបការីសម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់នូវគុណកថាដល់គណៈអធិបតី លោក-លោកស្រីសហគ្រិន នាយក នាយិកា អគ្គនាយក និងអង្គពិធីទាំងមូល ដែលបានផ្តល់កិត្តិយសអញ្ជើញ ចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ ៕
