នាយឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិដើមឆ្នាំ២០២៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានគណៈកម្មការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងការពារជាតិបានអញ្ជើញអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងការពារជាតិដើមឆ្នាំ២០២៣ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាអគ្គនាយក អគ្គនាយករង នាយកនិងនាយទាហានទទួលបន្ទុកការងារជំនាញហិរញ្ញវត្ថុជាច្រើនរូបទៀត។
ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ចាក់ថា គោលបំណងនៃកិច្ចផ្សព្វផ្សាយកំណែទម្រងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺដើម្បីត្រួតពិនិត្យការងារការអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈអោយដល់ថ្នាក់ដឹកនាំនិងនាយទាហានទទួលបន្ទុកការងារជំនាញហិរញ្ញវត្ថុ ដើម្បីជំរុញអោយការអនុវត្តភារកិច្ចជំនាញហិរញ្ញវត្ថុអោយ ចំគោលដៅស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្វវត្ថុនិងរាជរដ្ឋាភិបាល បានដាក់ចុះធ្វើយ៉ាងណាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអោយបានល្អ។
ឯកឧត្តម ម៉ឹង សំផន បានជំរុញអោយតាមអង្គភាពនីមួយៗធ្វើការគ្រប់គ្រងហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ដើម្បីប្រើប្រាស់ថវិការការពារជាតិអោយបានសមស្រប សន្សំ សំចៃនិងមានគណីយភាព។
ឯកឧត្តមបានបន្តថា ការចំណាយថវិកាការពារជាតិ មានការវិវត្តន៍ទៅតាមឆ្នាំនីមួយៗស្របតាមផែនការជំនាញនិងទៅ តាមប្រភេទទ័ពនិងទៅតាមជំនាញខុសៗគ្នាហើយការការកែទំរង់គឺធ្វើឡើងអោយសមស្របតាមច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តម ម៉ឹង សំផន ក៏បានលើកឡើងពីគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានធ្វើអោយប្រទេសជាតិទទួលបាននូវ សុខសន្តិភាពនិងការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ជាពិសេសរាជរដ្ឋាភិបាលបានគ្រប់គ្រងទប់ស្កាត់ជម្ងឺឆ្លងរាតត្បាតកូវីដ-១៩ បានជោគជ័យ រហូតដល់បើកប្រទេសអោយដំណើរការឡើងវិញ ដែលធ្វើអោយសេដ្ឋកិច្ចជាតិ មានការល្អប្រសើរឡើងវិញ រាជរដ្ឋាភិបាលក៏បានបង្កើនប្រាក់បៀវត្សរ៍ ឆ្នាំ២០២៣នេះ ដល់កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ កម្មករដែលបាន រួមចំណែកលើកកំពស់ជីវភាពរស់នៅកាន់តែប្រសើជាងមុន។
ក្នុងឱកាសនោះកិច្ចប្រជុំ ក៍បានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញ ទៅមកជុំវិញការអនុវត្ត ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងក្រសួងការពារជាតិ ដើម្បីធ្វើយ៉ាងណាអោយការអនុវត្តជំនាញហិរញ្ញវត្ថុនេះបានត្រឹមត្រូវស្របទៅតាម ច្បាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបានដាក់ចុះ ៕
