ឯកឧត្ដម ហ៊ុន ម៉ាណែត៖ វិស័យឯកជន ជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យឯកជន គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍរបស់កម្ពុជា និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការសម្រេចបាននូវ ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ ដូចជាគោលនយោបាយនៃ វិស័យអប់រំរបស់រាជរដ្ឋាភិបាល ។
ក្នុងពិធីប្រកាសសមាសភាព ក្រុមប្រឹក្សាភិបាលអាណត្តិថ្មី និងប្រគល់បណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២២ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មដ៏មោះមុតរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ជាពិសេសការជួយទំនុកបម្រុងដល់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកឱ្យនៅបន្តមានដំណើរការប្រកបដោយនិរន្តរភាព នៅក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិការបស់សហព័ន្ធសេវាអប់រំនៅកម្ពុជាទាំងអស់ ដែលបានលះបង់ធនធាន រួមចំណែកជាវិភាគទានជាមួយរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកិច្ចការសង្គមផ្សេងៗ ជាពិសេស ការផ្តល់អាហារូបករណ៍ជូនដល់សិស្សក្រីក្រ និងសិស្សឆ្នើមនានានាពេលកន្លងមក ៕
