ភ្លៀងធ្លាក់ឥតឈប់ឈរ បង្កឱ្យមានការរអិលបាក់ដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦នាក់ នៅក្នុងប្រទេសប៉េរូ

LIMA ប្រទេសប៉េរូ÷អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា ការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរបានបោកបក់ភក់ ទឹក និងថ្មចូលទៅក្នុងភូមិជាច្រើននៅភាគខាងត្បូងប្រទេសប៉េរូ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៦ នាក់ ។
លោក Wilson Gutierrez មន្ត្រីការពារជនស៊ីវិលនៅក្នុងក្រុង Mariano Nicolás Valcárcel ក្នុងខេត្ត Camana បានប្រាប់វិទ្យុក្នុងស្រុក RPP ថាសាកសពចំនួន ៣៦ ត្រូវបានគេរកឃើញនៅក្នុងផ្នែកដាច់ស្រយាលមួយដែលមានឈ្មោះថា Miski ។ក្នុងចំណោមអ្នកស្លាប់មានមនុស្ស៥នាក់ជិះក្នុងរថយន្តដែលត្រូវបានរុញចូលទៅក្នុងទន្លេដោយទឹកភក់។មន្ត្រីក្នុងតំបន់បានអំពាវនាវឱ្យបញ្ជូនគ្រឿងចក្រធុនធ្ងន់ទៅសម្អាតកំទេចកំទីដែលបិទផ្លូវចំនួនបីគីឡូម៉ែត្រ (ជិតពីរម៉ាយ) នៃផ្លូវសំខាន់មួយ។
មន្ត្រីការពារជនស៊ីវិលបានអោយដឹងថា ផ្ទះប្រមាណ៦៣០ខ្នងមិនអាចប្រើប្រាស់បានបន្ទាប់ពីការរអិលបាក់ដី ដែលបានវាយប្រហារលើស្ពាន ប្រឡាយទឹក និងផ្លូវថ្នល់ផងដែរ។
ភ្លៀងធ្លាក់ជាប់ជាញឹកញាប់ក្នុងខែកុម្ភៈក្នុងប្រទេសប៉េរូ ហើយជាញឹកញាប់បង្កឱ្យមានការរអិលបាក់ដី។
