ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់កងទ័ពជើងគោកកម្ពុជា-ឥណ្ឌា ក្នុងការ បន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនង

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់កងទ័ពជើងគោកកម្ពុជា-ឥណ្ឌា ក្នុងការ បន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនង។
ការលើកឡើងរបស់ឯកឧត្ដមបែបនេះធ្វើឡើងនៅក្នុងជំនួបជាមួយឯកឧត្តម រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋឥណ្ឌា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលឯកឧត្ដមកំពុងបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញូវដែលី សាធារណរដ្ឋឥណ្ឌា។
ក្នុងជំនួបនេះ ឯកឧត្តម រចនា ស៊ីង បានសម្តែងនូវក្តីរីករាយដែលបានជួបសំណេះសំណាលជាមួយនឹង ឯកឧត្តម ហ៊ុន ម៉ាណែត ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនៅក្នុងប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ដោយ ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញទស្សនៈថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមភាពមួយរូប ដែលមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។
នៅក្នុងជំនួបឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម រចនា ស៊ីង នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹងការចូលរួមអបអរសាទរចំពោះការប្រារព្ធទិវាសាធារណរដ្ឋ ខួបលើកទី៧៤ (74th Republic Day) របស់សាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នាពេលថ្មីៗនេះ។
ឯកឧត្ដមឧត្តមសេនីយ៍ ក៏បានជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិឥណ្ឌា អំពីលទ្ធផល និងទិសដៅសហប្រតិបត្តិការមួយចំនួនដែលគ្រោងនឹងលើកឡើងពិភាក្សាជាមួយនឹងមេបញ្ជាការកងទ័ពជើងគោកឥណ្ឌា ជាពិសេសគម្រោងនៃការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលជាជំហានថ្មីមួយទៀតក្នុងការភ្ជាប់ទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោក និងជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអង្គភាព និងអង្គភាពថ្នាក់យុទ្ធវិធី។
ពាក់ព័ន្ធនឹងការលើកឡើងនេះ ឯកឧត្តម រដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់កងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនង រហូតសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើនក្នុងរយៈកាលកន្លងមកនេះ ព្រមជាមួយនឹងការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌាក្នុងការបន្តជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ជាពិសេសលើការបណ្តុះបណ្តាលធនធានមនុស្ស សំដៅធ្វើយ៉ាងណាលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងឈានឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល៕
