អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត

ភ្នំពេញ៖ លោក សាន់ យូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃពុធ ១១ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រចាំខែមករា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៣ ។
ក្នុងកិច្ចប្រជុំ បានលើកឡើងពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានា ដែលក្រុមការងារបានជួបប្រទះនាពេលកន្លងមក និងស្វែងរកនូវដំណោះស្រាយដើម្បីអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ កាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោក លី សុភា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត និងជានាយកចាត់ការកម្មវិធីខេត្ត, លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ, លោក សន សំអាត អភិបាលរងស្រុកកំពង់ត្រឡាច, លោក សាំង សុឃឿន អភិបាលរងស្រុកទឹកផុស, លោកអនុប្រធានមន្ទីរ លោកប្រធាន អនុប្រធានការិយាល័យជំនាញ, លោកប្រធាន អនុប្រធានទាំង ៤ក្រុម និងមន្ត្រីការិយាល័យកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី (LASSP) សរុបចំនួន ៥៣នាក់ (ស្រី ១០នាក់ ) ៕
