មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ រៀបចំប្រឡងវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក ដល់សមណៈសិស្សនាដំណាច់ឆ្នាំសិក្សា ២០២២-២០២៣

ភ្នំពេញ៖ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត បានរៀបចំនៃការប្រឡងលើវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ត្រី ទោ ឯករបស់សមណៈសិស្ស សិស្ស នាដំណាច់ឆ្នាំសិក្សា ២០២២-២០២៣ នៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណ នាក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព ឯកឧត្តមអ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
លោកបៀវ ថានប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានឲ្យដឹងថា ដោយបានទទួលការណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរធម្មការនិងសាសនាសាលាគណខេត្តទាំង០២គណៈបានរៀបចំនៃការប្រឡងនាពេលនេះឡើង ដោយឈរលើគោលការណ៍ប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការចូលរួមអនុវត្តតាមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងខ្ជាប់ខ្ជួនជានិច្ចទោះបីការពារនិងបីកុំ។
លោក បៀវ ថាន បានបន្តថា សម្រាប់ដំណាច់ឆ្នាំ២០២២-២០២៣ ជាឆ្នាំលើកទី៣០ ដែលមានការរៀបចំការប្រឡង ធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ដែលមានបេក្ខសមណៈសិស្ស សិស្ស បានដាក់ពាក្យប្រឡងចំនួន១.៦៩៨អង្គនាក់ មកពីតាមបណ្តាវត្តនានា នៅក្នុងក្រុង-ស្រុកទាំង៩ ឯវិញ្ញាសាដែលត្រូវប្រឡងមានចំនួន០៤មុខវិជ្ជារូមមាន៖ ១/-វិញ្ញាសាប្រជុំកងធម៌, ២/-វិញ្ញាសា ពុទ្ធប្បវត្តិ, ៣/-វិញ្ញាសាព្រះវិន័យ និងទី៤/-វិញ្ញាសា សាសនសុភាសិត។
ឯកឧត្តមអ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ធនធានមនុស្ស ធនធានព្រះសង្ឃដែលស្របតាមគោលនយោបាយអប់រំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៤ ក្នុងនោះមានវិស័យផ្លូវ ទឹក ភ្លើងនិងមនុស្ស ។
ប៉ុន្តែ បច្ចុប្បន្ននេះ គឺវិស័យធនធានមនុស្ស បានឈរមកលំដាប់អាទិភាពទីមួយវិញ ពីព្រោះវិស័យធនធានមនុស្សមានសារសំខាន់ណាស់ នៅក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្ទាប់ពីប្រទេសរបស់យើងមានសុខសន្តិភាពពេញបរិបូរណ៍តាមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។តាមរយៈនូវសមិទ្ធផលទាំងនេះ គឺពិតជាបានចូលរួមចំណែកក្នុងការពង្រឹងនូវវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតជាពិសេសបានកសាងនូវសមិទ្ធផល សាសនា ជាច្រើនដើម្បីរួមចំណែកអប់រំផ្លូវចិត្តនិងបណ្តុះបណ្តាលនូវធនធានប្រសើរប្រកបដោយគុណធម៌ សីលធម៌និងមាន ភាពគ្រប់គ្រាន់សម្រាប់ចូលរួមបន្តវេនកសាងអភិវឌ្ឍប្រទេសជាតិ។
សូមបញ្ជាក់ផងដែរថា ក្នុងការប្រឡងវិញ្ញាបនបត្រថ្នាក់ត្រី ទោ ឯក នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងលោកជំទាវកែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខា ព្រមទាំងបុត្របានជួយឧបត្ថម្ភចង្ហាន់ដល់ព្រះសង្ឃ កំពុងប្រឡងចំនួន១.៧០០ប្រអប់ស្មើនឹងថវិកា ចំនួន៣.៤០០ដុល្លារ,ភេសជ្ជៈកូកាកូឡាចំនួន២៥កេសស្មើនឹង២៣២ដុល្លារ,ទឹកក្រូច២៥ស្មើនឹង១៨២ដុល្លារ ទឹកបរិសុទ្ធចំនួន២០០យួរសរុបថវិកាទាំងអស់ចំនួន ៣.៩២៩ដុល្លារសហរដ្ឋអាមេរិក៕
