រដ្ឋមន្ត្រីសាធារណការ ជួបពិភាក្សាការងារ ជាមួយប្រតិភូសមាគម CAMBA សំដៅលើកកម្ពស់ការដឹកជញ្ជូន នៅក្នុងប្រទេសឱ្យកាន់តែមានភាពល្អប្រសើរ

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ដឹកនាំដោយលោកបណ្ឌិត ឆឹម ចំណាន ប្រធានសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។
ថ្លែងក្នុងជំនួបសម្តែងការគួរសមនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ឱ្យបានជ្រាបពីការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការពង្រឹង និងពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បើទោះជាជួបប្រទះនឹងវិបត្តិជម្ងឺកូវីដ-១៩ក៏ដោយ។ ជាក់ស្តែងកន្លងមកថ្មីៗនេះ គម្រោងសាងសង់ស្ពាន ក៏ដូចជាគម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាច្រើនត្រូវបានប្រារព្ធពិធីប្រកាសបើកការដ្ឋានជាបន្តបន្ទាប់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ក្នុងរយៈពេល១០ឆ្នាំយ៉ាងយូរ ខ្សែផ្លូវជាតិ ផ្លូវខេត្ត នៅក្នុងប្រទេសកម្ពុជា នឹងត្រូវប្រែក្លាយជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) ទាំងអស់ ហើយមានទំហំទ្រូងផ្លូវយ៉ាងតិច១២ម៉ែត្រ ឬ៤គន្លង។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានសិក្សា និងចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌរួចរាល់ ហើយគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាននៅខែក្រោយ ក្នុងពេលដែលសម្តេចតេជោ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន លើសពីនេះទៅទៀត គម្រោងផ្លូវល្បឿនលឿនថ្មីមួយទៀត ភ្នំពេញ-សៀមរាប ក៏កំពុងសិក្សាផងដែរ។
ភ្ជាប់ជាមួយនឹងការលើកឡើងអំពីគម្រោងផ្លូវល្បឿនលឿនទាំងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរទៅកាន់សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ឱ្យជួយជំរុញការដឹកជញ្ជូនតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយទាក់ទងនឹងសំណូមពរនេះដែរ សមាគមសូមធ្វើការគាំទ្រ និងចូលរួមជំរុញឱ្យប្រតិបត្តិករផ្តល់សេវាដឹកជញ្ជូនងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឱ្យបានច្រើន។ ជាការឆ្លើយតប លោកប្រធានសមាគមបានបញ្ជាក់អំពីការចូលរួមប្រើប្រាស់ផ្លូវល្បឿនលឿន នាពេលកន្លងទៅ និងសន្យាថានឹងបន្តជំរុញការប្រើប្រាស់ឱ្យកាន់តែច្រើនជាងនេះទៅទៀត។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានធ្វើការសំណូមពរមកកាន់ក្រសួង ជំរុញឱ្យមានការរៀបចំចំណតរថយន្តក្រុងបន្ថែម។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបទៅកាន់ប្រតិភូសមាគមវិញថា ក្រសួងដោយសហការជាមួយវិស័យឯកជន កំពុងសិក្សាលើគម្រោងរៀបចំចំណតរថយន្តក្រុងនៅក្រៅរាជធានី ដើម្បីបញ្ចៀសការចរាចរណ៍រថយន្តក្រុងធំៗចូលក្នុងទីក្រុង ដែលជាហេតុនាំឱ្យមានកកស្ទះ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការសំណូមពរឱ្យសមាគមជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានច្រើនក្នុងវិស័យដឹកជញ្ជូន សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការអព្យាក្រិត្យកាបូន ដើម្បីថែរក្សាបរិស្ថានឱ្យបានគង់វង្សយូរអង្វែង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបពីទីតាំងស្ថានីយបញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើននៅពាសពេញផ្ទៃប្រទេស។
ក្រៅពីការជជែកពិភាក្សាអំពីវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវគោក ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានលើកឡើងអំពីគម្រោងដែលក្រសួងកំពុងសិក្សា គឺការលើកកម្រិតគុណភាពផ្លូវដែក និងការដឹកជញ្ជូនតាមផ្លូវទឹក។
សូមជម្រាបជូនដែរថា៖ ក្រសួងកំពុងសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹក ដោយមិនចាំបាច់ឆ្លងកាត់តាមកំពង់ផែវៀតណាម ហើយប្រសិនបើគម្រោងនេះសម្រេចបាន វានឹងក្លាយជាគម្រោងប្រវត្តិសាស្រ្ត ដែលផ្លាស់ប្តូរមុខមាត់កម្ពុជាទាំងមូល នៅលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផងដែរ ៕
