ស្អែកនេះ! សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតផ្លូវជាតិលេខ៣៣

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្តារ និងលើកកម្រិតផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្រ្តខេត្តកែប និងខេត្តកំពត ។
សូមជម្រាបថា៖ ផ្លូវជាតិលេខ៣៣ ទទួលបានការសិក្សា ហើយគ្រោងនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដោយចំនាយពេលសាងសង់សរុបប្រមាណ ២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាកម្ចីហិរញ្ញប្បទានពីប្រទេសចិន។ កំណាត់ផ្លូវនេះគ្រោងពង្រីក និងលើកកម្រិតគុណភាពពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) តភ្ជាប់ពីទីរួមខេត្តកំពត ផ្លូវជាតិលេខ៣ (គីឡូម៉ែត្រ ១៤៨+១០០) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ដោយក្នុងនោះរួមមាន៖ ទទឹងតួផ្លូវ ១២ម៉ែត្រ និង១១ម៉ែត្រទៅតាមទីតាំងភូមិសាស្ត្រ ស្ពានទទឹង ១១ម៉ែត្រ ចំនួន៣កន្លែង លូចំនួន ១៣៤កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៥កន្លែង ៕
