សម្តេចតេជោ ហ៊ុន សែន៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែងផ្លែផ្កាសេដ្ឋកិច្ចជាតិ ប្រកបដោយសមធម៌

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចនៅតែផ្តល់អាទិភាពដ ល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយការលំបាកធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែងផ្លែផ្កាសេដ្ឋកិច្ចជាតិ ប្រកបដោយសមធម៌។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២២ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមិទ្ធផលទាំងនេះមិនត្រឹមតែបម្រើជាប្រយោជន៍ សម្រាប់អ្នកខេត្តព្រះសីហនុ តែគឺសម្រាប់ពលរដ្ឋនៅទូទាំងប្រទេស។
សម្តេចតេជោ លើកឡើងថា ផ្លូវ១៤៦បេ គឺជាផ្លូវដែលបិណ្ឌបាត្រ ផ្ទាល់ដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស។ សម្តេចថា ផ្លូវ១៤៦បេ និង១៤៨ ជាសមិទ្ធផលកើតឡើង ដោយដៃប្រជាពលរដ្ឋផ្ទាល់ តាមរយៈការប្រើប្រាស់ថវិកាជាតិ ។
ជាមួយគ្នានោះសម្ដេចតេជោ បានថ្លែងកោតសរសើរក្រសួងសាធារណការ ដែលបានប្រឹងប្រែងសាងសង់ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ។ សម្តេចថា បើទោះបីមានផ្លូវល្បឿនលឿន ឬផ្លូវ៣៧ខ្សែក្នុងក្រុងព្រះសីហនុក៏ដោយ បើគ្មានផ្លូវតភ្ជាប់១៤៦បេ និង១៤៨ទេ ពលរដ្ឋក្នុងខេត្តព្រះសីហនុនៅតែលំបាក។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ថវិកាជាតិដែលទម្លាក់មកកសាងហេដ្ឋារចនាសម្ព័ន្ធ នៅខេត្តព្រះសីហនុសរុបចំនួន ៤០០លានដុល្លារ ៕
