បណ្ឌិត ហ៊ុន ម៉ាណែត៖ ធនធានមនុស្ស ជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុត សម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេស ឲ្យមានការរីកចម្រើនរុងរឿង ប្រកបដោយចីរភាព និងនិរន្តរភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភីនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបាត់ដំបង នាថ្ងៃទី១២ ខែធ្នូនេះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រទាំង ០៣ កម្រិត រួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់, ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ទាំង ១៩៥៥ នាក់នាពេលនេះ។ ពិតណាស់ ការសិក្សាគ្រាន់តែជាផ្នែកមួយនៃដំណើរជីវិតដែលក្នុងនេះត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ប៉ុន្តែការប្រឹងប្រែងសិក្សារៀនសូត្រដោយជម្នះការលំបាកអស់រយៈពេលជាច្រើនឆ្នាំ រហូតបានបញ្ចប់ការសិក្សា គឺជាភាពជោគជ័យមួយដ៏សំខាន់នៅក្នុងដំណាក់កាលទាំងនេះ សម្រាប់ការកសាងអនាគតរបស់មនុស្សម្នាក់ៗ។
ឯកឧត្ដម គូសបញ្ជាក់ថា មួយវិញទៀត នេះក៏ជាមោទកភាពរបស់ឪពុកម្តាយ និងក្រុមគ្រួសារទាំងមូលផងដែរ ខណៈដែលឪពុកម្តាយខ្លះមិនមានឱកាសបានសិក្សារៀនសូត្រ ដោយសារការរស់នៅក្នុងរយៈកាលសង្គ្រាម ហើយក្នុងសម័យសុខសន្តិភាពដូចបច្ចុប្បន្ននេះ លោកបានខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សាបុត្រធីតា និងទំនុកបម្រុងឱ្យសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងមានអនាគតល្អត្រចះត្រចង់ ជាក្តីសង្ឃឹមសម្រាប់ពួកគាត់។
បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា «ជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិ, ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ដំណើរការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនរុងរឿងប្រកបដោយចីរភាព និងនិរន្តរភាព ពីព្រោះសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋម្នាក់ៗ អាចជួយដល់ការពង្រឹងលទ្ធភាពប្រកួតប្រជែងរបស់ប្រទេសជាតិក្នុងបរិបទសាកលភាវូបនីយកម្ម និងការចាប់យកនូវឱកាសសក្តានុពលនានា ដើម្បីឈានទៅកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ តាមរយៈការទាក់ទាញវិនិយោគកម្រិតខ្ពស់ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យប្រកបដោយមោទនភាពជាតិសម្រាប់អនាគតដ៏វែងឆ្ងាយ»។
ឯកឧត្ដមមានប្រសាសន៍ថា ងាកមកទិដ្ឋភាពប្រជាពលរដ្ឋជាបុគ្គលម្នាក់ៗវិញ ការអប់រំបានផ្តល់ឱ្យយើងនូវលទ្ធភាពក្នុងការបង្កើនសមត្ថភាពចំណេះដឹង និងគុណវុឌ្ឍិ ដែលបង្កលក្ខណៈដល់ការប្រកួតប្រជែងយកឱកាសការងារទាំងក្នុង និងក្រៅប្រទេស ដែលបង្កើតជាជម្រើសល្អៗច្រើនដល់ខ្លួនយើង រួមជាមួយនឹងសេរីភាពពេញលេញ ក៏ដូចជាភាពម្ចាស់ការពឹងផ្អែកលើខ្លួនឯងក្នុងគ្រប់កាលៈទេសៈដោយមិនមានការភ័យព្រួយបារម្ភ ៕
