ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែឆ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២ ក្រោមប្រធានបទ ខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
អង្គពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មុការទី១ ព្រឹទ្ធសភា បានមានប្រសាសន៍ថាថ្ងៃនេះ ក្នុងនាមគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្គេត នៃព្រឹទ្ធសភា ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ និងមានកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការទី១ រដ្ឋសភា អង្គការការីតាសកម្ពុជា ក្រុមហ៊ុនខ្មែរហៅហូល និងហ៊ែលឃែរ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងការរៀបចំកម្មវិធីនេះឡើង។
ឯកឧត្តម បានបន្តថា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនេះ ជាឧត្តមគតិរួមមួយដែលប្រជាពលរដ្ឋគ្រប់ៗប្រទេសបានសម្រេច ដើម្បីអោយបុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ ដោយរក្សាខ្ជាប់ជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្តីប្រកាសនេះ ខិតខំប្រឹងប្រែងបណ្តុះបណ្តាល ការគោរពសិទ្ធិ និងសេរីភាព ទាំងនេះតាមរយៈការបង្រៀន និងការអប់រំ ហើយនឹងខិតខំប្រែងធានាអោយមានការទទួលស្គាល់ជាសកល ជាក់ស្តែងនូវសិទ្ធិ និងសេរីភាព ដោយវិធានការជាតិ និងអន្តរជាតិ ដែលមានលក្ខណៈរីកចម្រើនជាលំដាប់ ទាំងក្នុងចំណោមប្រជាពលរដ្ឋ នៃរដ្ឋសមាជិក ទាំងក្នុងចំណោមប្រជាពលរដ្ឋដែនដីដែលស្ថិតនៅក្រោមអំណាចនៃរដ្ឋទាំងនោះផងដែរ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ថា ក្នុងនាមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តមផ្ទាល់ ឯកឧត្តមសូមចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ និងមានកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការទី១ ព្រឹទ្ធសភា រដ្ឋសភា អង្គការការីតាសកម្ពុជា ក្រុមហ៊ុនខ្មែរហៅហូល និងហ៊ែលឃែរ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងការរៀបចំកម្មវិធីនេះឡើងដើម្បីរំលឹកឡើងវិញនៃការអនុម័តសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៧ ក្នុងការបង្ហាញពីយុទ្ធនាការជាបន្តបន្ទាប់ នៃការគោរពអនុវត្តជាប្រក្រតីឥតឈប់ឈរក្នុងការគោរពសិទ្ធិ ស្របតាមសេចក្តីប្រកាសជាសកលស្តីសិទ្ធិមនុស្ស។
ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ដែលទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិជនមានពិការភាព សិទ្ធិស្តី្រ និងសិទ្ធិកុមារ ៕
