ដំរីអាស៊ី ស្ថិតក្នុងក្រុមប្រភេទជិតផុតពូជនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទដែលជិតផុតពូជ

ភ្នំពេញ៖ ដំរីអាស៊ី (ឈ្មោះអង់គ្លេស៖ Asian Elephant ឈ្មោះវិទ្យាសាស្រ្ត៖ Elephas maximus) ដំរីអាស៊ីជាប្រភេទសត្វចតុបាត ដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែង ស្បែកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងខ្លីៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង។
ដំរីអាស៊ីមានខ្នងស្ទើរាបស្មើ រីឯដំរីអាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ។ សត្វដំរីរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។
ចំនួនសត្វដំរីនៅកម្ពុជាមានតិចតួច និងមានជម្រក ស្ថិតនៅភូមិភាគឦសាន និរតី (ជួរភ្នំក្រវាញ) និងភូមិភាគខាងជើង។ បញ្ហាប្រឈមមានដូចជា ការបរបាញ់ដើម្បីយកភ្លុក និងបាត់បង់ទីជម្រក។
ដំរីអាស៊ីស្ថិតក្នុងក្រុមប្រភេទជិតផុតពូជនៅកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទដែលជិតផុតពូជ(EN)។ បច្ចុប្បន្ននេះ កម្ពុជាមានដំរីព្រៃចន្លោះពី ៤០០ ទៅ ៦០០ ក្បាល និងដំរីស្រុកជាង ៧០ ក្បាល ៕
