ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រកាសស្វែងរកឯកសារចាស់ៗរបស់ឯកឧត្ដម ក្នុងពេលសិក្សាថ្នាក់បឋមដល់វិទ្យាល័យ

ភ្នំពេញ៖ ឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោកបានប្រកាសរកឯកសារចាស់ៗដែលបានរៀនពីថ្នាក់បឋមដល់វិទ្យាល័យ ដើម្បីរម្លឹកនូវអនុស្សាវរីយ៍ចាស់ៗដែលបានឆ្លងកាត់។
ឯកឧត្ដម ហ៊ុន ម៉ាណែត បានបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកានេះថា “ កាដូពិសេសដែលសហការីខ្ញុំទើបផ្ញើរមកអោយ។ ក្រដាស់ប៉ុន្មានសន្លឹកនេះគឺស្ថិតក្នុងចំណោមឯកសារមួយចំនួន ដែលកាលពីជាងសាមសិបឆ្នាំមុនបានធ្វើអោយរូបខ្ញុំ ក៏ដូចជាឪពុកម្តាយរបស់ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងពេលបានទទួលវាម្តងៗ
ថ្ងៃនេះខ្ញុំអាចបង្ហាញវាទៅកូនៗរបស់ខ្ញុំ ហើយសង្ឃឹមថាសាមសិបឆ្នាំខាងមុខ ខ្ញុំនឹងអាចបង្ហាញវាទៅចៅៗរបស់ខ្ញុំដែរ។
សូមអរគុណសហការីរបស់ខ្ញុំដែលបានរកឃើញឯកសារដែលនៅសេសសល់មួយចំនួនតូចនេះ ហើយបានរក្សាទុកជាងដប់ឆ្នាំកន្លងមក ហើយទើបបានផ្ញើរមកអោយខ្ញុំ។
ឯកសារកាលនៅរៀនពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យមួយចំនួនធំមិនត្រូវបានរក្សាទុកឬបាត់ នៅពេលដែលខ្ញុំចេញទៅរៀននៅក្រៅប្រទេសនិងពេលផ្លាស់ប្តូរទីលំនៅច្រើនដង។ បើមិត្តៗណាមាននៅសល់ឯកសារចាស់ៗ សូមមេត្តាជួយផ្ញើរមួយច្បាប់ផង” ៕

