នាយករដ្ឋបាលសាលាស្រុកសង្កែ សម្រេចចិត្តលាលែងពីតំណែង ក្រោយអន់ចិត្តនឹងការតែងតាំងអភិបាលរងស្រុកថ្មី
ភ្នំពេញ៖ នាយករដ្ឋបាលសាលាស្រុកសង្កែ លោក គង់ សុគុណ្ណា បានសម្រេចចិត្តដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ ស្នើសុំឈប់ពីតួនាទីការងារ ក្រោយមានការអន់ចិត្តចំពោះ ការតែងតាំងអភិបាលរងស្រុកថ្មី។
យោងតាមលិខិតរបស់លោក គង់ សុគុណ្ណា បានឱ្យដឹងថា លោកបានបំពេញការងារតួនាទីភារកិច្ចមន្ត្រីរាជការ ក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០១ រហូតបច្ចុប្បន្នក្នុងមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ ខេត្តបាត់ដំបង។
តាមការបញ្ជាក់មូលហេតុរបស់លោក គង់ សុ គុណ្ណា ក្នុងពាក្យ ស្នើ សុំ លាលែងតំណែងនេះបានសរសេរថា « មូលហេតុ រូបខ្ញុំបាទមានបញ្ហាសុខភាពផ្លូវចិត្ត » ។
ក្នុងន័យនេះលោកបានសំដៅទៅលើការ តែងតាំង អភិ បាលរងស្រុកសង្កែ ថ្មី ចំនួន ២រូប ដែល លោកអះអាង ថា «ករណីការតែងតាំងអភិបាលរងស្រុកសង្កែមានភាពមិនប្រក្រតី» ដែលធ្វើឱ្យលោកទទួលរងនូវភាពអយុត្តិធម៌។ ដោយហេតុដូច្នេះ លោក គង់ សុ គុណ្ណា ក៏ស្នើសុំលាឈប់ពីតួនាទីមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ចាប់ពីពេលដាក់ពាក្យលាឈប់នេះ៕