អំណោយដ៏ថ្លៃថ្លារបស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជូនបងប្អូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា មានជីវភាពខ្វះខាត នៅស្រុកសំឡូត ៦០គ្រួសារ

ភ្នំពេញ៖ មេបញ្ជាការយោធភូមិភាគទី៥ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត នៅស្រុកសំឡូត ខេត្តបាត់ដំបង។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់ គិតគូរជានិច្ច ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន។
លោកមេបញ្ជាការ ក៏បានថ្លែងអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជាស្រុកសំឡូតទាំងមូល សូមបន្តចូលរួមការពារសុខសន្តិភាព ដែលយើងបានមកដោយលំបាកឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត និងប្រឆាំងជានិច្ចចំពោះជនណា ឬក្រុមណាមួយដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅប្រទេសកម្ពុជារបស់យើង។
ពិសេសត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដោយត្រូវចូលរួមទប់ស្កាត់ការជួញដូរគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងក្រុមក្មេងទំនើង ដើម្បីឲ្យការរស់នៅរបស់បងប្អូននៅតាមមូលដ្ឋានមានសន្តិសុខ និងសុវត្ថិភាពល្អផងដែរ។
សូមបញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូននៅពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ គ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ និងថវិកា ចំនួន ២០.០០០រៀលផងដែរ៕

