កងពលតូចលេខ៧០ ត្រៀមខ្លួនក្នុងការការពារសុវត្ថិភាព ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ៖ កងពលតូចលេខ៧០ បានត្រៀមខ្លួនក្នុងការការពារសុវត្ថិភាព នៅព្រលានយន្តហោះអន្តជាតិ ភ្នំពេញ ខណៈពេលដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសន៍ថា ការងារ ហ្វឹកហ្វឺន បានដើរតួនាទីយ៉ាងសំខាន់ សម្រាប់កងទ័ព ដើម្បីលើកកម្ពស់ចំណេះដឹង អោយកាន់តែរីកចម្រើនមួយកំរិតថែមទៀត។
ក្នុងន័យនេះ ឧត្តមសេនីយ៍ឯក បានលើកបញ្ជាក់បន្ថែមថា ផែនការហ្វឹកហ្វឺន បានបន្តជម្រុញឲ្យយោធិន មានសមត្ថភាព គុណភាព និងបង្កើនចំណេះដឹងដល់កងទ័ពអោយបានយល់ដឹងកាន់តែច្បាស់ ស្ទាត់ជំនាញ ជាពិសេស ដើម្បីអោយយោធិន បង្កើននូវសមត្ថភាព ពង្រីកចំណេះដឹងរបស់កងទ័ព ទៅតាមភូមិសាស្ត្រ គ្រប់ប្រភេទជំនាញ ដែលអាចឆ្លើយតបនឹងតម្រូវការរបស់អង្គភាពប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍បន្ថែមថា វគ្គហ្វឹកហ្វឺនបំប៉ននេះគឺសំដៅបង្កើនសមត្ថភាព ដល់យោធិន ឲ្យកាន់តែស្ទាត់ជំនាញក្នុងការប្រើប្រាស់អាវុធវែងខ្លី និងគ្រឿងបំពាក់ រួមជាមួយជំនាញប្រយុទ្ធ ឲ្យកាន់តែល្អប្រសើរស្របពេលដែលប្រទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់ជា លើកដំបូងបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩៕
