ទឹកជ្រោះឱម៉ាល់ ស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍

ភ្នំពេញ៖ ទឹកជ្រោះឱម៉ាល់ ជារមណីយដ្ឋានធម្មជាតិ មានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ភ្ញៀវទេសចរណ៍អាចធ្វើដំណើរដោយជិះម៉ូតូ កង់ ឬដើរដោយថ្មើរជើង ដែលមានចម្ងាយប្រហែល ១១ គីឡូម៉ែត្រ ពីក្រុងកំពត។
ភ្ញៀវទេសចរណ៍អាចទស្សនាបាននូវព្រៃឈើដ៏ខៀវស្រងាត់នារដូវវស្សា និង អាចទស្សនាចំការដំណាំហូបផ្លែជាច្រើននៅតាមដងផ្លូវ ជាពិសេសចំការទុរេនដែលជាដំណាំហូបផ្លែតំណាងឲ្យខេត្តកំពត។
ពេលទៅដល់ទីនោះយើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃជួរភ្នំបូកគោ ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វយំឮអឺងកងពេញព្រៃ និងខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍៕

