ឯកឧត្តម ស៊ុយ សែម អញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានារបស់មន្ទីររ៉ែខេត្តព្រៃវែង

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីនៃក្រសួងរ៉ែនិងថាមពល និងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលថ្មី និងសមិទ្ធផលនានារបស់មន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអភិបាលក្រុង-ស្រុក។
អគាររដ្ឋបាលថ្មីនេះត្រូវបានសាងសង់ឡើងក្នុងរចនាបថខ្មែរសម័យទំនើប លើផ្ទៃដី១១៤៤ម៉ែត្រក្រឡាដែលមានគ្រឿងបង្គំដោយបេតុងដែក ជញ្ជាំងឥដ្ឋ ដំបូលប្រក់ក្បឿង មានទទឹងប្រវែង១០ម៉ែត្រ បណ្តោយ២០ម៉ែត្រ កម្ពស់០២ជាន់ មានបន្ទប់ចំនួន១១ ក្នុងនោះមានសាលប្រជុំចំនួន០១បន្ទប់ បន្ទប់អនុប្រធានមន្ទីរចំនួន០១បន្ទប់ ការិយាល័យចំនួន០៥បន្ទប់ និងបន្ទប់ទឹកចំនួន០៤បន្ទប់។
ថ្លែងក្នុងពិធីនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម បានសម្ដែងនូវអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានមន្ទីររ៉ែនិងថាមពលទាំង២៥ រាជធានី-ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានសម្រេចជាសមិទ្ធផលក្នុងថ្ងៃនេះ៕

