សម្តេចតេជោ កោតសរសើរទេសរដ្ឋមន្ត្រី គន់ គីម ដែលឈរជើងជាប់ប្រចាំ ក្នុងប្រតិបត្តិការរុករកសពសិស្សសាលា នៅស្រុកលើកដែក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរឯកឧត្ដមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែលបានឈរជើងជាប់ប្រចាំ ក្នុងប្រតិបត្តិការរុករកសពសិស្សសាលា ក្នុងហេតុការណ៍លិចទូកដរ នៅស្រុកលើកដែក ខេត្តកណ្ដាល ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ នាថ្ងៃទី១៧ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកចូលរួម ក្នុងពិធីចែកសញ្ញាបត្រទាំងអស់ ក្រោកឈរស្មឹងស្មាធិ៍ គោរពវិញ្ញាណក្ខន្ធដល់កុមារា កុមារី ដែលស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូក នៅស្រុកលើកដែក ។
សម្តេចតេជោ បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារសព ។ សម្តេចតេជោ បានថ្លែងការកោតសរសើរ ដល់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ដែលរួមគ្នាជួយសង្គ្រោះ និងរុករកសពជនរងគ្រោះ ៕
