សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២០០នាក់ មកពីវិទ្យាល័យចំនួន៤ ក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី

ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២០០នាក់ មកពីវិទ្យាល័យចំនួន ០៤ ស្ថិតក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី រួមមានៈ វិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ វិទ្យាល័យខូវប៊ុនស៊ុនក្រចេះក្រុង វិទ្យាល័យកន្ទួត និងវិទ្យាល័យថ្មគ្រែ។
ពិធីខាងលើនេះមានការអញ្ជើញជាអធិបតីពីសំណាក់ វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លេខាធិការ ហេរញ្ញិក សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សាយុវជន នាយកសាលា លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជា ។
ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់យុវជន ដែលមានវត្តមានក្នុងពិធីនោះ រួមមាន៖
១-សូមបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។

២-បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជនកាកបាទក្រហមកម្ពុជា ពីក្នុងចំណោមសិស្សនៅវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។
៣-សូមយកចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា ព្រមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍របស់ខ្លួន។

៤-បន្តលើកទឹកចិត្តដល់សមាជិកយុវជនកាកបាទក្រហមកម្ពុជា ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។
៥-សូមយុវជនកាកបាទក្រកម្ពុជាទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ និងជៀសអោយឆ្ងាយ ពីគ្រឿងស្រវឹង គ្រឿងញឿន និងធ្វើការអនុវត្តការងារស្របតាមបរិបទ ការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី៕

