ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាល ដោយផ្ទាល់ជាមួយពលរដ្ឋ ដែលកំពុងជួបការលំបាក ដោយសារជំនន់ទឹកភ្លៀង ១១២គ្រួសារ នៅក្រុងសិរីសោភ័ណ
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះបានចុះសួរសុខទុក្ខ និងជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន១១២គ្រួសារ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ព្រមទាំងចែករម្លែកការលំបាកជាមួយប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបប្រទះនូវការលំបាកនៅពេលនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយបានណែនាំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ គិតគូពីជីវភាពនិងសុខសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះរាល់ទុក្ខលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ។
ក្នុងនាមប្រធានក្រុមការងារ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា ជំនន់ទឹកភ្លៀងបាននាំមកនូវផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងទ្រព្យសម្បត្តិ និងការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋ ដែលយើងទាំងអស់គ្នាត្រូវតែរួមសហការជាកំលាំងសរុប មធ្យោបាយសរុប ដើម្បីបង្ការទប់ស្កាត់ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ចំពោះកុមារតូច ចាស់ជរា ស្រ្តីមានផ្ទៃពោះ ជាដើម។ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវប្រុងប្រយ័ត្ន និងត្រៀមគ្រប់លក្ខណៈដើម្បីជួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនក្នុងករណីជំនន់ទឹកភ្លៀងឡើងដោយគំហុក ឫគ្រោះធម្មជាតិផ្សេងៗទៀតដែលអាចកើតឡើងជាយថាហេតុ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានបន្តណែនាំដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមរក្សាអនាម័យ និងការពារខ្លួនពីមេរោគកូវីដ-១៩ និងជំងឺឆ្លងនានា ព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន និងអនុវត្តឲ្យបានដាច់ណាច់នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភ ចែកជូនប្រជាពលរដ្ឋចំនួនសរុប១១២គ្រួសារនៅក្រុងសិរីសោភ័ណ គ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់០១គ្រួសារ នគរបាល កងរាជអាវុធហត្ថ ទាហាន ប្រជាការពារភូមិ ក្រុមគ្រូពេទ្យ ក្រុមយុវជនគ្រប់ថ្នាក់ និងអតីតចៅសង្កាត់ព្រះពន្លា កុមារតូចៗផងដែរ ៕