សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាគណៈអធិបតី ក្នុង«វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមជាគណៈអធិបតី «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតនាឱកាសនោះ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា នៅឆ្នាំ២០២២ ដែលសភាពការណ៍កូវីដ-១៩ បានធូរស្រាល និងចាប់ផ្ដើមសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញនោះ កម្ពុជាក៏កើតមានបទល្មើសឆបោកតាមប្រព័ន្ធគមនាគមន៍យ៉ាងគគ្រឹកគគ្រេង ព្រមជាមួយការប្រើប្រាស់មនុស្សដោយបង្ខំ កេងប្រវ័ញ្ចប្រាក់ឈ្នួល បិទសិទ្ធិសេរីភាព និងការប្រើប្រាស់ជនរងគ្រោះជាឧបកណ៍សម្រាប់បោកប្រាស់អ្នកដទៃបន្តទៀត។
សម្ដេចបន្តថាបទល្មើសនេះ ជាប្រភេទបទល្មើសឆ្លងដែន មានខ្សែបណ្ដាញទាំងក្នុង និងក្រៅប្រទេស និងត្រូវបានក្រុមឧក្រិដ្ឋជនលួចលាក់ធ្វើសកម្មភាពយ៉ាងសំងាត់តាមបច្ចេកវិទ្យាព័ត៌មាន ដោយបានបង្ខំមនុស្សធ្វើការដោយគ្មានសេរីភាព ឃុំឃាំងមនុស្សចំរិតទារប្រាក់ ហើយជនល្មើសខ្លះមានអាវុធខុសច្បាប់ ទៀតផង ដែលសកម្មភាពនេះ បើមិនបង្ការទប់ស្កាត់ទេនឹងអាចប៉ះពាល់ដល់សន្តិសុខជាតិនាពេលអនាគត។
សម្ដេច បញ្ជក់ថាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានដាក់ចេញផែនការប្រតិបត្តិការដើម្បីសម្រេចបានគោលការណ៍សំខាន់៤ គឺសង្គ្រោះជនរងគ្រោះ, ស៊ើបអង្កេតរកជនប្រព្រឹត្តបទល្មើស បក្ខពួក និងស្រាវជ្រាវរកមេក្លោង, ត្រួតពិនិត្យប្រមូលភស្តុតាងឈានទៅបិទទីតាំងអាជីវកម្មខុសច្បាប់ ជាពិសេសទីតាំងលេងល្បែងស៊ីសងខុសច្បាប់ និងបើរកឃើញថាជាករណីជួញដូរមនុស្ស ត្រូវពន្លាតការស៊ើបអង្កេតរកបទល្មើសសម្អាតប្រាក់។
តាមរយៈកិច្ចប្រតិបត្តិការពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន សម្ដេចបានឱ្យដឹងថាចំនួនបណ្ដឹងដែលទទួលបានតាមប្រព័ន្ធហ្វេសប៊ុក និងប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ មានប្រមាណ៣៦៨ករណី ក្នុងនោះជនល្មើសធ្វើសកម្មភាពនៅខេត្តព្រះសីហនុច្រើនជាងគេ គឺរហូតដល់២៤៩ករណី ដោយក្រុមប្រតិបត្តិការបានរុករកជនល្មើសតាមបណ្ដាទីតាំងសង្ស័យ និងតាមសេចក្ដីរាយការណ៍ សង្គ្រោះជនរងគ្រោះបាន៣៦១នាក់ ក្នុងនោះរងគ្រោះអំពើជួញដូរមាន៩ករណី មនុស្ស៥៤នាក់ និង៦សញ្ជាតិ។
សម្ដេច បានឱ្យដឹងទៀតថាប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤១នាក់ មាន៣សញ្ជាតិ បញ្ជូនទៅតុលាការ រឹបអូសភស្តុតាង និងបិទទីទាំងដើម្បីស៊ើបអង្កេតប្រមូលភស្តុងតាងបន្ថែម។ ក្រៅពីនេះ ក៏មានជនរងគ្រោះរាប់រយនាក់ទៀតត្រូវបានសមត្ថកិច្ចរកឃើញ បើទោះបីជាអ្នកទាំងនោះមិនមែនជាជនរងគ្រោះដោយអំពើជួញដូរមនុស្សក៏ដោយ ដោយសមត្ថកិច្ចបានសមត្ថកិច្ចរំដោះទៅទីតាំងសុវត្ថិភាពក្រោមកិច្ចសហការ និងសម្របសម្រួលពីស្ថានទូតពាក់ព័ន្ធដើម្បីពួកគេបានវិលត្រឡប់ទៅប្រទេសកំណើតវិញ។
ស្ថិតក្នុងពិធីនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះស្មារតីសហការពីគ្រប់ភាគីទាំងអស់ក្នុងកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជួយសង្គ្រោះជនរងគ្រោះ តាមរយៈការជួយផ្ដល់ព័ត៌មានពិតអំពីសកម្មភាពជនល្មើស និងជនរង្គ្រោះដោយអំពើជួញដូរ រួមទាំងសកម្មភាពទុច្ចរិតទាំងឡាយដែលឧក្រិដ្ឋជនបានធ្វើសកម្មភាពជ្រកក្រោមស្លាកអាជីវកម្មនានា។ សម្ដេចសង្ឃឹមថាគ្រប់ភាគីនឹងបន្តស្មារតីសហការ ដោយមិនមែនជាការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយដើម្បីបង្អាប់កម្ពុជា ។

