ឯកឧត្ដម ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យគ្រប់គ្រប់ និងសេដ្ឋកិច្ច ចំពោះការវិវឌ្ឍពង្រីកខ្លួន ដើម្បីសាបព្រោះបណ្តុះធនធានចំណេះដឹងដល់និស្សិតកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សូមវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យគ្រប់គ្រប់ និងសេដ្ឋកិច្ច (UME) ចំពោះការវិវឌ្ឍពង្រីកខ្លួន ដើម្បីសាបព្រោះបណ្តុះធនធានចំណេះដឹងដល់និស្សិតកម្ពុជា។
នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាមនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន ម៉ា ណែត បានអរគុណដល់គណៈគ្រប់គ្រង និងសាស្រ្តាចារ្យនៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម ទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល គាំទ្រ និងចែករំលែកនូវចំណេះដឹងជូនដល់និសិ្សត រហូតបានបញ្ចប់ការសិក្សា ប្រកបដោយមោទនភាព ទោះបីជាត្រូវឆ្លងកាត់នូវការលំបាកគ្រប់យ៉ាង ជាពិសេសក្នុងដំណាក់រីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្ដមបញ្ជាក់ថា “ លើសពីនេះ ក៏សូមវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យគ្រប់គ្រប់ និងសេដ្ឋកិច្ច (UME) ចំពោះការវិវឌ្ឍពង្រីកខ្លួន ដើម្បីសាបព្រោះបណ្តុះធនធានចំណេះដឹងដល់និស្សិតកម្ពុជាក្នុងការប្រកួតប្រជែងលើទីផ្សាការងារ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាប្រកបដោយសមត្ថភាព, គុណភាព និងវិជ្ជាជីវៈ”។

ទន្ទឹមនឹងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមសម្តែងនូវទឹកចិត្តត្រេកអរជាមួយឪពុកម្តាយ ក្រុមគ្រួសាររបស់និស្សិតជ័យលាភីទាំងអស់ ដែលបានចូលរួមប្រកបដោយទឹកចិត្តសប្បាយរីករាយ។ នេះជាការឆ្លុះបញ្ចាំងអំពីបំណងរបស់គ្រប់ក្រុមគ្រួសារ ដែលតែងចង់ឃើញបុត្រធីតារបស់ខ្លួនទទួលបាននូវការអប់រំខ្ពង់ខ្ពស់ មានចំណេះដឹងជ្រៅជ្រះ និងជាមូលធនប្រកបដោយគុណប្រយោជន៍សម្រាប់គ្រួសារ និងសង្គមជាតិ៕

