ជនរងគ្រោះក្នុងទូកជនចំណាកស្រុកកើនឡើងដល់ ១០២នាក់ ហើយការស្វែងរកនៅតែកំពុងដំណើរការនៅឆ្នេរសមុទ្រស៊ីរី

សុីរី៖ថ្ងៃទី ២៦ ខែកញ្ញា- រហូតមកដល់ពេលនេះសាកសពចំនួន ១០២ ត្រូវបានគេរកឃើញបន្ទាប់ពីទូកដឹកជនចំណាកស្រុកខុសច្បាប់បានលិចនៅឆ្នេរសមុទ្រស៊ីរីខណៈដែល ៤០ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានអោយដឹងថា មនុស្សចំនួន ២០ នាក់ត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរស៊ីរី។
ទូកដែលដឹកជនអន្តោប្រវេសន៍រហូតដល់ ១៥០នាក់ បានចេញដំណើរពីប្រទេសលីបង់ កាលពីថ្ងៃអង្គារ ហើយកំពុងធ្វើដំណើរឆ្ពោះទៅកាន់អឺរ៉ុប។ វាបានលិចនៅជិតច្រាំងនៃទីក្រុងឆ្នេរសមុទ្រស៊ីរី Tartous កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ប្រទេសស៊ីរី។
ជនអន្តោប្រវេសន៍មានជនជាតិលីបង់ ស៊ីរី និងប៉ាឡេស្ទីន ដែលព្យាយាមគេចចេញពីស្ថានភាពរស់នៅដ៏លំបាក និងការលំបាកផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់របស់ពួកគេ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានដកស្រង់ប្រភពមន្ត្រីលីបង់មួយចំនួនដែលនិយាយថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនជុំវិញការចោទប្រកាន់ថាជាអ្នករៀបចំផែនការនៃការធ្វើដំណើរដ៏ប្រល័យនេះ។
