ឯកឧត្តម កើត រិទ្ធ អញ្ជើញចែក ម៉ាស (ស.ស.យ.ក) និងសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួន នៅស្រុកព្រៃឈរ

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងអតីតសិស្សនៃវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង និងដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រៃឈរ និងថ្នាក់ដឹកនាំស្រុកព្រៃឈរ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចែក ម៉ាស (ស.ស.យ.ក) និងសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួននៃវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង, វិទ្យាល័យនរោត្តម រណឫទ្ធិគន្ធបុប្ផា និងសាលាបឋមសិក្សាព្រៃទទឹង ស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះ, ឯកឧត្តម កើត រិទ្ធ បានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងឱ្យបានខ្ពង់ខ្ពស់ និងស្ពាយសម្ពាយចំណេះដឹងនេះ ដើម្បីជាប្រយោជន៍ទាំងសម្រាប់ខ្លួនឯង ទាំងសម្រាប់ក្រុមគ្រួសារ និងសម្រាប់សង្គមជាតិផងដែរ។
បន្ថែមពីនេះ, សិស្សានុសិស្សទាំងអស់ក៏ត្រូវប្រកាន់ខ្ជាប់នូវធម៌កតញ្ញូ ជាពិសេសការដឹងគុណ ឪពុកម្តាយ និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងបង្ហាត់បង្រៀនផ្តល់ចំណេះដឹង ដែលនេះជាឥរិយាបថដ៏ប្រពៃក្នុងនាមជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ស្របតាមពាក្យស្លោកដែលបានពោលថា «ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកគុណដល់អ្នកដាំ» ៕

