ឧត្ដមសេនីយ៍ត្រី បោន ប៊ិន និងលោកស្រី អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី១០ វត្តកុឌ្ឌបព្វតា ភ្នំជញ្ជាំង សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ

ភ្នំពេញ៖ ស្របពេលមានបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋខ្មែរយើង ដែលកាន់នូវសាសនាព្រះពុទ្ធ បាននឹងកំពុងមមាញឹក ធ្វើនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឲ្យចំទៅនឹងរដូវកាលនៃកម្មវិធីបុណ្យប្រពៃណីជាតិខ្មែរយើងតាំងពីបុរាណកាលមក។
ដោយឡែកសម្រាប់វេនទី១០នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ ២០២២។ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកស្រី ដោយមានការចូលរួមលោកឧត្តមសេនីយ៍ វរសេនីយ៍ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្ត ព្រមទាំង មន្ត្រីក្រោមឱវាទ អញ្ជើញក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តកុឌ្ឌបព្វតា ភ្នំជញ្ជាំង សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជីតា ព្រមទាំងគ្រប់ញាតិសន្ដាន ដែលបានចែកឋានលាចាកលោកទៅកាន់សុគតិភព។ ហើយក៏សុំឲ្យបានរួចនៃទុក្ខទោសទាំងឡាយទាំងពួង ឈោងចាប់យក កំណើតក្នុងបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ផងដែរថា៖បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះគឺក្នុងគោលបំណងសំខាន់ៗ ចំនួនបីគឺ៖ ១/-ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃ កំពុងគង់ចាំព្រះវស្សា រយៈពេលនេះហើយជាពេលដែល ភ្លៀងធ្លាក់នាំឲ្យមានផលលំបាកសម្រាប់ព្រះសង្ឃក្នុងការបិណ្ឌបាត្រ ២/-គឺដើម្បីសន្សំកុសលតាមរយៈការធ្វើទានជាពិសេសដើម្បីបង្កើននូវសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទ និង៣/-ដើម្បីឧទ្ទិសកុសលបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មាន មាតាបិតា ជីដូនជីតា ព្រមទាំងញាតិកា គ្រប់សន្តាន ដែលបានលាចាកលោកទៅហើយនោះ និងម្យ៉ាងវិញទៀតដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិត ដោយបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិហើយក៏សុំឱ្យរួចចាកឆ្ងាយពីទុក្ខទោស ទាំងឡាយទាំងពួង ។បើតាមឯកសារ ក្នុងពុទ្ធសាសនា បានឲ្យដឹងថាបុណ្យកាន់បិណ្ឌនេះ គឺធ្វើឡើងតាំងពីសម័យ បុព្វកាលមកម្ល៉េះប៉ុន្តែសម័យនោះគេហៅថា បវរៈណាបច្ច័យបួន ឬបុណ្យទំនុកបម្រុងបច្ច័យបួន ដល់ព្រះសង្ឃ។
ក្នុងឱកាសកាន់ វេនបិណ្ឌទី១០ នេះផងដែរ លោក ឧត្ដម សេនីយ៍ ត្រី បោន ប៊ិន និងលោកស្រី បានប្រគេនបច្ច័យ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តចំនួន ៦១លានរៀល ,ប្រគេនព្រះសង្ឃ ១៣ អង្គ មួយព្រះអង្គ ១០ម៉ឺនរៀល ក្នុងនោះប្រគេនព្រះចៅអធិការវត្ត២០ម៉ឺនរៀល ,គណៈកម្មការអាចារ្យ១៨នាក់ ម្នាក់១០ម៉ឺនរៀល , យាយជី ៣១ ក្នុង ម្នាក់៥ម៉ឺនរៀល រួមនឹងសម្ភារៈ គ្រឿងឧបរិភោគបរិភោគមួយចំនួនទៀត៕

