ច្បាប់សន្តិសុខស្បៀងអាហារដំបូងរបស់ចិនចូលជាធរមាន

ប៉េកាំង៖ ច្បាប់សន្តិសុខស្បៀងដំបូងរបស់ប្រទេសចិន ដែលមានបំណងផ្គត់ផ្គង់គ្រាប់ធញ្ញជាតិប្រទេសយក្សអាស៊ីមួយនេះឱ្យគ្រប់គ្រាន់ទាំងស្រុង បានចូលជាធរមាន នៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ដោយបានពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនាំចូលកសិកម្មដ៏ធំបំផុតរបស់ពិភពលោកនេះដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការទិញពីក្រៅប្រទេស។
ច្បាប់នេះផ្តល់នូវក្របខណ្ឌច្បាប់សម្រាប់ការណែនាំដែលមានស្រាប់ដោយបក្សកុម្មុយនីស្ដសម្រាប់រដ្ឋាភិបាលចិនក្នុងតំបន់ និងឧស្សាហកម្មកសិកម្មដើម្បីលើកកម្ពស់ផលិតកម្មស្បៀងអាហារ បើទោះបីជាមិនមានព័ត៌មានលម្អិតអំពីរបៀបដែលច្បាប់នេះនឹងត្រូវអនុវត្តក៏ដោយ។ ក្នុងរយៈពេលត្រឹមតែប្រាំមួយខែនាំឆ្នាំ២០២៤ ភាពប្រញាប់ប្រញាល់ក្នុងការអនុម័តច្បាប់សន្តិសុខស្បៀងបានឆ្លុះបញ្ចាំងពីភាពបន្ទាន់របស់ប្រទេសចិនក្នុងការដោះស្រាយបញ្ហាដែលរារាំងផលិតកម្ម ដូចជាកង្វះដីបង្កបង្កើនផល និងធនធានទឹក កង្វះកម្លាំងពលកម្ម និងកង្វះបច្ចេកវិទ្យាកសិកម្ម។
ច្បាប់នេះកំណត់ឱ្យរដ្ឋាភិបាលកណ្តាល និងខេត្តទទួលខុសត្រូវចំពោះការបញ្ចូលសន្តិសុខស្បៀងទៅក្នុងផែនការសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ពួកគេ ដោយធានាថាការផ្គត់ផ្គង់ស្បៀងនៅតែជាអាទិភាពចម្បងនៅក្នុងប្រទេសដែលមានប្រវត្តិទុរ្ភិក្សដ៏ឈឺចាប់មួយនេះ។
គណបក្សកុម្មុយនីស្ដនឹងដឹកនាំការអនុវត្តយុទ្ធសាស្ត្រសន្តិសុខស្បៀងជាតិដោយការនាំចូលកម្រិតមធ្យម និងប្រើប្រាស់ភាពជឿនលឿនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដើម្បីជំរុញផលិតកម្ម។ គួរជម្រាបថា អង្គភាពដែលបំពានច្បាប់អាចប្រឈមនឹងការផាកពិន័យចាប់ពី ២ម៉ឺនយ័ន ទៅ ២លានយ័ន ខណៈដែលជនល្មើសម្នាក់ៗអាចនឹងត្រូវពិន័យជាប្រាក់ពី ២ម៉ឺនយ័ន ទៅ ២ម៉ឺនយ័ន។
គួរបញ្ជាក់ថា ច្បាប់នេះក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀងអាហារអន្តរជាតិ និងអនុញ្ញាតឱ្យពាណិជ្ជកម្មគ្រាប់ធញ្ញជាតិអន្តរជាតិដើរតួនាទីជារបស់ខ្លួន។ យ៉ាងណា អ្នកវិភាគបានអះអាងថា ច្បាប់នេះមានភាពស្រពិចស្រពិល ហើយប្រហែលជាមិនមានផលចម្រើនខ្លាំងដល់របៀបដែលប្រទេសចិនជំរុញការផលិតស្បៀងអាហារនោះទេ។

