សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនជូនដល់កីឡាករ និងកីឡាការិនី សម្រាប់ការត្រៀមលក្ខណៈប្រកួតនាពេលខាងមុខ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនជូនដល់កីឡាករ និងកីឡាការិនីទាំងអស់ សម្រាប់ការត្រៀមលក្ខណៈប្រកួតនាពេលខាងមុខ រួមមាន៖
១. បន្តហ្វឹកហាត់ និងថែបំប៉នសុខភាពឱ្យបានល្អ
២. ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ជាកីឡាករ និងកីឡាការិនី និងជាមិត្តល្អ ដើម្បីបង្កើតនូវការចងចាំល្អពីកម្ពុជា ព្រោះអត្តពលិកកម្ពុជាម្នាក់ៗ សុទ្ធសឹងតែជាអង្គទូតតំណាងឱ្យកម្ពុជា
៣. ចៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុហាមឃាត់ និងខុសពីបទវិន័យកីឡា
៤. រក្សាសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក ឱ្យដូចជាសុភាសិត «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»
៥. បន្តបង្កើនសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្តាប្រទេសនានា ក្រោមគោលការណ៍៖ ឈ្នះ គឺជាការបង្កើនមិត្តច្រើន និងឈរលើក្រមសីលធម៌ល្អ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើបែបនេះក្នុងឱកាសដែលសម្តេច បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា ទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការថ្លែងអំណរគុណដល់គ្រូបង្វឹក ក្រុមការងារ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានត្រៀមលក្ខណៈ និងរៀបចំគ្រប់បែបយ៉ាងក្នុងការដឹកនាំកីឡាករ និងកីឡាការិនីរបស់យើង ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ, សាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខនេះ។
សម្តេចធិបតី ក៏បានជូនពរ និងប្រសិទ្ធពរ ដល់បងប្អូនកីឡាករ និងកីឡាការិនីទាំងអស់ ឱ្យទទួលបានជោគជ័យ និងនាំមកនូវកិត្តិយសសម្រាប់ជាតិ និងមាតុភូមិ ៕
