ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាល៤០នាក់ ទៅពន្លត់ភ្លើងឆេះព្រៃភ្នំក្បែរវត្តថ្មរមៀល

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ដឹកនាំកម្លាំងនគរបាល ចំនួន៤០នាក់ ទៅអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃនៅចង្កេះភ្នំ ក្បែរវត្តថ្មរមៀល ក្រោយពីមានប្រជាពលរដ្ឋ ព្រះសង្ឃ បានរាយការណ៍ថា ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ អាចឆាបឆេះរាលដាលដល់វត្តអារាម និងលំនៅដ្ឋានប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
នៅវេលាម៉ោង១៨:១៥នាទី ព្រលប់ថ្ងៃដដែល សមត្ថកិច្ចយើងគ្រប់គ្រងសភាពការបានហើយ ភ្លើងបានរលត់ទាំងស្រុងផងដែរ។
គួរបញ្ជាក់ថា ក្នុងហេតុការអគ្គីភ័យឆាបឆេះព្រៃនេះ មិនបានបណ្តាលឲ្យពលរដ្ឋណាម្នាក់របួស ឬស្លាប់បាត់បង់ជីវិត និងឆេះទ្រព្យសម្បត្តិប្រជាពលរដ្ឋឡើយ គឺឆេះតែព្រៃប៉ុណ្ណោះ ព្រោះកម្លាំងនគរបាល ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន បាននាំគ្នាទប់ស្កាត់និងពន្លត់ទាន់ពេលវេលា៕
