ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំគណប្រតិភូក្រសួងបរិស្ថាន អញ្ជើញថ្វាយកំរងផ្កាគោរពវិញ្ញាណក្ខន្ធការយាងសោយ ទិវង្គតរបស់ព្រះមហាក្សត្រិយ៍ អេលីហ្សាបែតទី២
ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានដឹកនាំគណប្រតិភូក្រសួងបរិស្ថាន នាព្រឹកថ្ងៃចន្ទ ទី ១២ កញ្ញា ឆ្នាំ២០២២ បានអញ្ជើញថ្វាយកំរងផ្កាគោរពវិញ្ញាណក្ខន្ធការយាងសោយ ទិវង្គតរបស់ព្រះមហាក្សត្រិយ៍ អេលីហ្សាបែតទី២នៃចក្រភពអង់គ្លេស នៅស្ថានទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមបានលើកឡើងថា ក្នុងនាមក្រសួងបរិស្ថាន និងក្នុងនាមឯកឧត្តមផ្ទាល់ សូមសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះប្រទេស ក្រុមគ្រួសារ និងប្រជាជនអង់គ្លេសជុំវិញពិភពលោក។ ការយាងសោយ ទិវង្គតរបស់ព្រះមហាក្សត្រិយ៍ អេលីហ្សាបែត ទី២ គឺជាការបាត់បង់ ចំពោះពិភពលោក។
ព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី២ គឺជា ឥស្សរជនដ៏គួរអោយស្ងប់ស្ញែងមួយអង្គ ដែលតែងតែ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវ រាជកិច្ច រាជវិន័យ និងប្រកបដោយ ព្រះរាជបញ្ញាញាណ។
ព្រះមហាក្សត្រិយ៍ នឹងគង់ នៅក្នុងការចងចាំរបស់ ប្រជាជន អង់គ្លេសគ្រប់ៗរូប និងពលរដ្ឋជាច្រើនទៀត ក្នុងពិភពលោក រួមទាំងយើងខ្ញុំផងដែរជារៀងរហូតតទៅ។សូមដួងវិញាណក្ខន្ធព្រះមហាក្សត្រីបានសព្វភពនៅឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថាស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា បានប្រកាសថា វិមាន Buckingham បានប្រកាសថា ព្រះមហាក្សត្រិយានី Elizabeth II បានសោយទិវង្គត នៅ Balmoral Castle នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២៕