លោកជំទាវ ពេជ ចន្ទមុន្នី អរគុណសមាជិក TYDA ទាំងអស់ដែលលះបង់ពេលវេលា កម្លាំងកាយចិត្ត និងប្រើប្រាស់ចំណេះដឹងជំនាញ ជួយពិនិត្យព្យាបាលជំងឺ ជូនពលរដ្ឋនៅទូទាំងប្រទេស
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យលោកស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) បានថ្លែងអំណរគុណសមាជិកសមាជិកា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រើប្រាស់ចំណេះដឹងជំនាញ និងបទពិសោធន៍ជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
ក្នុងពិធីប្រកាស និងប្រគល់សេចក្តីសម្រេចបញ្ចូល សមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ចំនួនជាង ៨០០នាក់បន្ថែមទៀត នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានគូសបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) គឺជាយន្តការបើកច្រក និងផ្ដល់ឱកាសឱ្យសមាជិកសមាជិកាចូលរួមធ្វើសកម្មភាពមនុស្សធម៌នៅទូទាំងប្រទេស ក្រោមការសហការជាមួយដៃគូសហការផ្សេងៗ នឹងមានឱកាសបង្កើតទំនាក់ទំនងល្អចំពោះគ្នាទៅវិញទៅមក។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណសប្បុរសជន ដែលបាននិងកំពុងឧបត្ថម្ភសម្ភារៈ បរិក្ខា ក្នុងការផ្ដល់លទ្ធភាព និងទ្រទ្រង់សមាគមឱ្យសមាគមមានលទ្ធភាពបន្តបេសកកម្មមនុស្សធម៌បន្ថែមទៀត និងសូមថ្លែងអំណរគុណដៃគូរសហការដែលបានជួយឧបត្ថម្ភគាំទ្រតាមរយៈការចូលរួមដោយផ្ទាល់ក្នុងបេសកកម្មក៏ដូចជាជួយសម្របសម្រួលយកចិត្តទុកដាក់រាល់សកម្មភាពរបស់សមាគម។
សូមបញ្ជាក់ថា នេះគឺជាលើកទី៦ហើយ ដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានប្រកាសបញ្ចូលសមាជិក។ដែលធ្វើឲ្យចំណូលសមាជិកសមាគមមកដល់ពេលនេះមានចំនួនជាង៨ពាន់នាក់ ៕