សមត្ថកិច្ច បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនចិនម្នាក់ រឹបអូសគ្រឿងញៀនជាង ៧ គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនចិន ១នាក់ និងរឹបអូសគ្រឿងញៀនជាង ៧ គីឡូក្រាម។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៧និង៣០នាទី កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា. លោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្វីរ. លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០). មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុ សុភ័ក្រ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ នៅចំណុច មុខខុនដូរអិល ផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ -រួចបន្តទៅឆែកឆេរខុនដូរប៉ាវលី បន្ទប់លេខ១៦១៨ ជាន់ទី១៦ ផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជាធានីភ្នំពេញ លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ចាង ហ្វុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន។
វត្ថុតាងចាប់យករួមមាន៖ អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ៧ គ.ក្រ ៥៣.៦ក្រាម។ សារធាតុគីមី ១០ គ.ក្រ ៧៦០ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕