កម្លាំងអន្តរាគមន៍ ផ្នែកសឹករងសំពៅលូន ប្រុងប្រៀបរួចជាស្រេចដើម្បីត្រៀម ចុះជួយពលរដ្ឋរងគ្រោះដោយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ
ភ្នំពេញ៖ អនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តមយោធភូមិភាគទី៥ និងតាមការណែនាំរបស់លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការ ផ្នែកសឹករងសំពៅលូន តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានធ្វើការត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ព្រមទាំងមធ្យោបាយ សម្ភារៈបំរើដល់ការជួយសង្គ្រោះប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅទីបញ្ជាការ ផ្នែកសឹករង សំពៅលូន។
លោកមេបញ្ជាការ បានថ្លែងថាដោយសារអាកាសធាតុមានភ្លៀងធ្លាក់ជាប់ជាប្រចាំ រួមជាមួយនឹងទឹកហូរធ្លាក់ពីប្រទេសថៃផងនោះស្ថានភាពទឹកតាមអូរព្រំដែនបានឡើងជាបន្តបន្ទាប់ ដូចនេះកងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈចេញអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង តាមបទបញ្ជារបស់ថ្នាក់លើ និងតាមស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ ឬយថាហេតុផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ក្នុងឱកាសនោះដែរមេបញ្ជាការរងបានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការរបស់លោកមេបញ្ជាការ និងបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន ៕