ឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាត អញ្ជេីញត្រួតពិនិត្យការងារប្រឡងប្រណាំងបង្កបង្កើនផលចិញ្ចឹមទ័ព នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ភ្នំពេញ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារប្រឡងប្រណាំង បង្កបង្កើនផលចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅរបស់កងទ័ពចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាតអគ្គនាយករងនៃអគ្គនាយកដ្ឋានភ័ស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ អមដំណើរដោយ ក្រុមការងារប្រឡងប្រណាំងរបស់បញ្ជាការដ្ឋាន កងទ័ពជើងគោកបញ្ជានិងក្រុមការងារប្រឡងប្រណាំងរបស់យោធភូមិភាគទី៤ ។
លោកវរសេនីយ៍ទោ សួស សំអាត នាយការិយាល័យទី៤ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍ អំពីលទ្ធផលសកម្មភាពក្នុងការអនុវត្តចលនាប្រឡងប្រណាំង លើខ្លឹមសារទី៥នៃខ្លឹមសារទាំង៥ ក្នុងចលនាប្រឡងប្រណាំង ស្តីពីការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដោះស្រាយជីវភាពកងទ័ព ក្នុងនោះយកចិត្តទុកដាក់សំខាន់លើបញ្ហាការដាំដុះដំណាំបង្កបង្កើនផល ការចិញ្ចឹមសត្វនិងការរៀបចំផ្ទះហូបបាយជូនដល់កងទ័ពនៅតាមកងឯកភាពនីមួយៗ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងរាយការណ៍បន្ថែមអំពីការអនុវត្តខ្លឹមសារទាំង៥ នៃចលនាប្រឡង ប្រណាំង ដែលបញ្ជាការដ្ឋានកងទ័ពជើងគោកនិងបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានដាក់ចេញ ដោយបានយកចិត្តទុកដាក់ក្នុងការអនុវត្តគ្រប់ខ្លឹមសារទាំង៥ នៃចលនាប្រឡងណាំង ។
ដោយឡែកការអនុវត្តន៍ ខ្លឹមសារ ប្រឡងប្រណាំងលើការងារបង្កបង្កើនផលចិញ្ចឹមសត្វ អង្គភាពបានទទួលខុសត្រូវ ដោយបានរៀបចំ ការដាំដុះបន្លែបង្ការនៅតាមកងឯកភាពនីមួយៗបានល្អ ព្រមទាំងដំណាំហូបផ្លែនិងដំណាំផ្សេងៗទៀតបម្រើឲ្យផ្ទះបាយ រួមជាមួយនោះក៏បានចិញ្ចឹមសត្វ មាន់ ទា ជ្រូក ដើម្បីដោះស្រាយជីវភាពជូនបងប្អូននៅក្នុងផ្ទះបាយ របស់អង្គភាពនីមួយៗព្រមទាំង ចិញ្ចឹមត្រី ចិញ្ចឹម មាន់ ទា ជ្រូក គោ ។ ចំពោះ ការចិញ្ចឹមគោ នៅ ផ្នែក សឹក រង ក្រុង ស្ទឹង សែន បាន ចិញ្ចឹម ដោះស្រាយជូនដល់បងប្អូនយើងដែលបានចូលនិវត្តន៍ត្រូវបានផ្តល់ជូនមេគោពូជចំនួន១ក្បាល សម្រាប់ បងប្អូន ទៅរស់ នៅ តាម មូលដ្ឋាន ផងដែរ ។
ឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាត បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពិសេស ឧត្ដមសេនីយ៍ ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែល បានខិតខំប្រឹងប្រែងអនុវត្តយ៉ាងសកម្មលើចលនាប្រឡងប្រណាំងទាំងប្រាំខ្លឹមសារ ទទួល បាន លទ្ធផល ល្អ ប្រសើរ គួរ ជាទី មោទនៈ ។
ជាមួយឧត្តមសេនីយ៍ទោ ស៊ិន ស៊ីណាត ក៏បានជំរុញការអនុវត្តន៍លើការងារប្រឡងប្រណាំងទី៥ ក្នុងសកម្មភាពការដាំដុះ ការចិញ្ចឹមសត្វនិងការរៀបចំផ្ទះហូបបាយ ជូនបងប្អូនយោធិន និងត្រូវពិនិត្យទិន្នន័យលទ្ធផលនៃការបង្កបង្កើនផលចិញ្ចឹមសត្វនិងការរៀបចំផ្ទះបាយដើម្បីរាយការណ៍ជូនថ្នាក់លើសុំការសរសើរជូនរង្វាន់ ក្នុងការអនុវត្តចលនាប្រឡងប្រណាំង លើកកម្ពស់ជីវភាពរបស់កងទ័ពនៅក្នុងអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងមូល ៕

