មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាជាង ៤៩ប៊ីលានរៀល និងជាង ៣លានដុល្លារ នៅឆមាសទី១

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគសរុបចំនួន ៤៩ ៧១៨ ០៤៨ ៧០០រៀល និង ៣ ៩០៥ ២៩៦ ដុល្លារអាមេរិក ដោយរួមទាំងថវិកាបរិច្ចាគចំនួន ៩៦០ ៥២៩ ដុល្លារ នៅឆមាសទី១ ឆ្នាំ២០២២ នេះ ដែលសប្បុរសជន បានបរិច្ចាគផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យ វរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) ។ នេហបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ នេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ៣ ០៥៣ ០៩២ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាពនៃ កិច្ចដំណើរការរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

ដោយឡែកសម្រាប់ ខែមិថុនា នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៦ ៩៧៤ ៦២៤ ២០០ រៀល និង ១ ៣៤៧ ៦៨៥ ដុល្លារអាមេរិក ពីសប្បុរសជនសរុបចំនួន ២៨ ៧៨០ រូប ដែលរួមមាន សមាជិកកិត្តិយស ៣ រូប, សមាជិកគាំទ្រ ២៥ ៩៥៣ រូប និងសប្បុរសជនផ្សេងៗ ២ ៨២៤ រូប, ពីការកាត់កម្រៃ សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ព្រមទាំងថវិកាបរិច្ចាគ តាមហិបគោលដៅមួយចំនួនផងដែរ៕

