សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងជួប សំណេះ សំណាល ជាមួយ ប្រជាពលរដ្ឋ ភៀស សឹក នៅ មណ្ឌល បណ្តោះ អាសន្ន ខេត្តបន្ទាយមានជ័យ។
សម្តេចបញ្ជាក់យ៉ាងច្បាស់ថា យើងសាងសង់ភូមិនេះហើយប៉ុន្តែយើងមិនបោះបង់ការទាមទារដីមកវិញនោះទេ គឺយើងត្រូវតែទាមទារត្រឡប់មកវិញ។
សម្ដេចតេជោបានមានប្រសាសន៍ថា ដោយសារការជឿទុកចិត្តគេពេក ទើបសម្ដេចកាលនោះ ជានាយករដ្ឋមន្ត្រី មិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយទេ មិនប្រើប្រាស់លុយទៅទិញគ្រឿងសព្វាវុធ ដោយចង់បង្វែរលុយទៅកាន់វិស័យសង្គមកិច្ច សុខាភិបាល និងអប់រំ តែដល់ពេលមានបញ្ហានោះ បែរជាយុទ្ធភណ្ឌរបស់យើងវាមិនគ្រប់គ្រាន់ និយាយឱ្យចំថាមិននឹកស្មានថាមានសង្គ្រាមឈ្លានពានមួយដែលរាលដាលនៅទូទាំងព្រំដែននោះទេ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ ប៉ុន្តែការទាមទារនេះគឺមានផ្លូវពីរតែប៉ុណ្ណោះ គឺទី១ គឺប្រើប្រាស់កម្លាំងយោធា និងទី២ គឺចរចាដោយសន្តិវិធី។
សម្តេចបន្តទៀតថា កម្ពុជាពុំមែនមានន័យថា គ្មានសមត្ថភាពវាយដណ្តើម យកដីមកវិញនោះទេ ប៉ុន្តែបើយើងវាយមុន ដើម្បីដណ្តើមយកមកវិញនោះ គឺគេនឹងចោទកម្ពុជាបំពាននឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ដូច្នេះកម្ពុជាត្រូវតែអត់ធ្មត់ ដើម្បីចរចាដោយសន្តិវិធី។ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃបានឈ្លានពានយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ។ វាយយកមកបានហើយ ក៏មិនអាចឈរជើងបានដែរ គឺវានឹងត្រូវវាយទៅវាយមក ដូចហ្គាហ្សា និងអ៊ីស្រាអែល និងប្រទេសខ្លះទៀត ដែលនឹងក្លាយជាជម្លោះតពូជ ពង្ស ជំនាន់ ជាក់ជាមិនខាន។
សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរប្រចាំការនៅតាមទល់ដែនត្រូវចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ ត្រូវរឹបអូសទ្រព្យសម្បត្តិ និងឱ្យទៅរែកដីធ្វើលេណដ្ឋាន។ ជាមួយគ្នានោះសម្តេចក៏បានអំពាវនាវឱ្យជំរុញបង្កើនផលិតក្នុងស្រុក ក្នុងវេលានៃការបិទព្រំដែនជាមួយថៃ ដែលជាឱកាសមាសប្រាក់សម្រាប់ពង្រឹងសេដ្ឋកិច្ចរបស់ជាតិយើង៕

