កងអង្គរក្សប្រធានាធិបតីអាមេរិក បាញ់តទល់ជាមួយបុគ្គលគួរឱ្យសង្ស័យម្នាក់នៅក្បែរសេតវិមាន បណ្តាលឱ្យរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ កងអង្គរក្សប្រធានាធិបតីអាមេរិក (US Secret Service) បានឱ្យដឹងថាមន្រ្តីរបស់ខ្លួន បានតទល់ជាមួយបុគ្គលគួរឱ្យសង្ស័យម្នាក់ នៅក្បែរសេតវិមាន ដែលក្រោយមកបានបាញ់មកលើពួកគេ មុនពេលរត់គេចដោយថ្មើរជើង និងត្រូវបានបាញ់បណ្តាលឱ្យរបួសធ្ងន់ ដោយកងកម្លាំងអនុវត្តច្បាប់។
លោក Matthew Quinn អនុប្រធានកងអង្គរក្ស និយាយថាអង្គរក្សដែលដើរល្បាត នៅបរិវេណខាងក្រៅសេតវិមាន បានឃើញបុគ្គលម្នាក់គួរឱ្យសង្ស័យម្នាក់ ដែលទំនងជាមានអាវុធ។ បុគ្គលនោះព្យាយាមរត់ ពេលឃើញមន្រ្តីអង្គរក្សដើរទៅជិត ហើយបានបាញ់សំដៅមកពួកគេ តែត្រូវមន្រ្តីអង្គរក្សបាញ់តបបណ្តាលឱ្យរបួស រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ។
តាមលោក Quinn ម៉ូតូអមដំណើរអនុប្រធានាធិបតី JD Vance ទើបឆ្លងកាត់តំបន់នេះមិនយូរប៉ុន្មាន មុនពេលមានឧប្បតិ្តហេតុ តែគ្មានចំណុចណាមួយបង្ហាញថា ជនសង្ស័យមានបំណងចូលទៅជិតលោក Vance នោះទេ។ឧប្បត្តិហេតុនោះ បាននាំឱ្យសេតវិមានបិទទ្វាររយៈពេលខ្លី៕

