មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ

Reuters៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters មេបញ្ជាការកំពូលរបស់យោធាអ៊ុយក្រែន លោក Oleksandr Syrskyi បានអះអាងកាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ថាកងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយក មកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ។
ក្នុងការបង្ហោះមួយលើបណ្ដាញ Telegram លោក Syrskyi បានឱ្យដឹងទៀតថាគ្រាន់តែក្នុងខែឧសភាកន្លងទៅ កងកម្លាំងអ៊ុយក្រែនវាយដណ្ដើមបានមកវិញនូវទឹកដីទំហំ ១០០គីឡូម៉ែត្រក្រឡា នៃទឹកដីដែលខ្លួនបានបាត់បង់។
មេបញ្ជាការអ៊ុយក្រែនរូបនេះមិនបានបញ្ជាក់លម្អិតពីទីតាំងដែលកងកម្លាំងវាយដណ្ដើមបានទឹកដីមកពីវិញពីកងទ័ពរុស្ស៉ីនោះទេ ដោយគ្រាន់តែបង្ហើបឱ្យដឹងថានៅក្នុងតំបន់មួយចំនួនមានប្រវែង ១២០០គីឡូម៉ែត្រតាមបណ្ដោយសមរភូមិមុខ កងកម្លាំងអ៊ុយក្រែនកំពុងមានប្រៀប។
លោក ហ្សេលេនស្គី កាលពីខែឧសភាកន្លងទៅ ក៏បានអះអាងដែរថាកងកម្លាំងអ៊ុយក្រែនវាយដណ្ដើមបានមកវិញទឹកដី ៦០០គីឡូម៉ែត្រក្រឡា ក្នុងឆ្នាំ២០២៦នេះ។ ប៉ុន្តែយ៉ាងណា Reuters មិនអាចផ្ទៀងផ្ទាល់ដោយឯករាជ្យលើការអះអាងរបស់អ៊ុយក្រែនបាននៅឡើយទេ៕

