លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់

វ៉ាស៉ីនតោន៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់ ប៉ុន្តែពីឡុត២នាក់របស់ឧទ្ធម្ភាគចក្រនោះ ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព ហើយពួកគេមិនបានរងរបួសអ្វីទេ។
ដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីយប់ថ្ងៃចន្ទបាននាំគ្នារាយការណ៍ថា ឧទ្ធម្ភាគចក្ររបស់យោធាអាមេរិកស៊េរី Apache ដែលជាប្រភេទប្រយុទ្ធ និង មានអ្នកបើកបរ២នាក់ បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ប៉ុន្តែពីឡុតទាំង២នាក់នោះ ត្រូវបានជួយសង្រ្គោះ។
ភ្លាមៗវាមិនទាន់ច្បាស់ថា ឧទ្ធម្ភាគចក្រនោះបានធ្លាក់ ដោយសារការបាញ់ប្រហាររបស់អ៉ីរ៉ង់ ជួបបញ្ហាបច្ចេកទេស ឬមួយដោយសារមូលហេតុដទៃទៀតនោះទេ។
នៅពេលត្រួវបានសួរថាតើ រូបលោកដឹងពីមូលហេតុដែលនាំឱ្យឧទ្ធម្ភាគចក្រខាងលើធ្លាក់ដែរឬយ៉ាងណា លោក ត្រាំ បានឆ្លើយតបថា នឹងមានការចេញរបាយការណ៍ផ្លូវការមួយ នាពេលក្រោយក្នុងថ្ងៃអង្គារនេះ ហើយលោកបានត្រឹមបង្ហើបឱ្យដឹងថា ពីឡុតទាំង២នាក់គឺមិនបានកើតអ្វីទេ ដោយគ្មាននរណាម្នាក់រងរបួសឡើយ។
គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះកើតមានឡើង បន្ទាប់ពីអ៉ីរ៉ង់និងអ៉ីស្រាអែល បាននិយាយថា ពួកគេបានសម្រេចផ្អាកការវាយប្រហារដាក់គ្នា ក្រោយមាន ការអំពាវនាវពីលោក ត្រាំ ប៉ុន្តែទីក្រុងតេហេរ៉ង់បានព្រមានថា ខ្លួននឹងបន្តអរិភាពឡើងវិញ ប្រសិនបើអ៉ីស្រាអែលនៅតែវាយប្រហារក្រុមហេសបូឡា នៅប្រទេសលីបង់៕

