ឯកឧត្ដម នេត្រ ភក្ត្រា៖ តំបន់ការពារធនធានធម្មជាតិ មិនមានតែព្រៃឈើ និងសត្វព្រៃជីវៈចម្រុះនានានោះទេ ប៉ុន្តែក៏មានបេតិកភណ្ឌវប្បធម៌ ជាកេរតំណែលដូនតា
ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា នៅក្នុងតំបន់ការពារធនធានធម្មជាតិ មិនមានតែព្រៃឈើ និងសត្វព្រៃជីវៈចម្រុះនានានោះទេ ប៉ុន្តែក៏មានបេតិកភណ្ឌវប្បធម៌ ដែលជាកេរតំណែលដូនតារបស់យើង។
តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃទី១១ កក្កដានេះ ឯកឧត្ដម នេត្រ ភក្ត្រា បានបន្តថា តាមការស្រាវជ្រាវ ប្រាង្គប្រាសាទបុរាណចំនួន ៥១១ ស្ថិតក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំង ៧៦ កន្លែង ហើយ ប្រាង្គប្រាសាទទាំងនេះបានទទួលនូវការការពារនិងអភិរក្សខ្ពស់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
រូបភាពប្រាសាទចិនស្រម ឬប្រាសាទជាន់ស្រាំ ស្ថិតនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ភូមិព្រៃវែង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ មានចំណុចនិយាមការ X-451163 Y-1539763 ៕