សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដង្ហែព្រះមហាក្សត្រ ប្រារព្ធព្រះរាជពិធី “រុក្ខទិវា” នៅខេត្តបាត់ដំបង
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធី “រុក្ខទិវា” ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
អង្គពិធីបានប្រារព្ធឡើងយ៉ាងមហោឡារឹកដោយមានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបងផងដែរ។
ព្រះរាជពិធី “រុក្ខទិវា” បានប្រារព្ធរៀបចំធ្វើឡើងតំាងពីសម័យសង្គមរាស្រ្តនិយម ឆ្នាំ១៩៥២ មកម្លេះ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ តែព្រះរាជពិធីនេះ បានអាក់ខានទៅវិញនៅអំឡុងពេលប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្រ្គាម។ ចាប់ពីឆ្នាំ១៩៨៩ មករាជរដ្ឋាភិបាលបានចាប់ផ្ដើមប្រារព្ធព្រះរាជពិធី “រុក្ខទិវា” ឡើងវិញ ដើម្បីស្តា និងលើកកម្ពស់ធនធានធម្មជាតិ ឱ្យបានគង់វង្ស ក្នុងការធានាបរិស្ថានបៃតងក្នុងប្រទេសក៏ដូចជាសកលលោក។
ការប្រារព្ធពិធី “រុក្ខទិវា” ឆ្នាំ២០២២នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងអាជ្ញាធរខេត្តបាត់ដំបង ដោយបានជ្រើសរើសយកទីតាំងប្រារព្ធពិធីនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ស្ថានីយនេះ ត្រូវបានបង្កើតឡើងតាមរយៈប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខ២៦៧ ប្រក.កសក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ក្នុងគោលបំណងដាំស្តារព្រៃឈើឡើងវិញ អភិវឌ្ឍន៍ជីវៈចម្រុះ រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់លើភពផែនដី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងទ្រទ្រង់សកម្មភាពផ្សេងៗជាច្រើនទៀត សម្រាប់ផលប្រយោជន៍របស់ប្រជាសហគមន៍។ ផ្ទៃដីប្រារព្ធ “រុក្ខទិវា” នាពេលនេះ មានទំហំ ១០ហិកតា នៃផ្ទៃដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាសទំហំ ២៦.១៣ហិកតា ហើយកូនឈើដែលត្រូវយកមកដាំមានដើមធ្នង់ ច្រេស គីនីន គ្រញូង ឈើទាល និងម៉ៃសាក់ សរុបទាំងអស់ចំនួន ១៣,៩៤០ដើម និងបានត្រៀមកូនឈើសម្រាប់ដាំជួសមួយចំនួនទៀត៕