លោក ដូណាល់ ត្រាំ ជឿថាចិនបានជួយបញ្ចុះបញ្ចូលឱ្យ អីរ៉ង់ត្រឡប់ទៅរកតុចរចា និងទទួលយកបទឈប់បាញ់ ២សប្ដាហ៍

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ថាលោកជឿថាចិនបានជួយបញ្ចុះបញ្ចូលឱ្យ អីរ៉ង់ត្រឡប់ទៅរកតុចរចា និងទទួលយកបទឈប់បាញ់ ២សប្ដាហ៍។
នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខតាមទូរស័ព្ទជាមួយ AFP លោក ត្រាំ បានឆ្លើយថា «ខ្ញុំបានឮមកអ៉ីចឹង» នៅពេលត្រូវបានសាកសួរថាតើចិនបានចូលរួមចំណែកក្នុងការបញ្ចុះបញ្ចូលឱ្យតេហេរ៉ង់ ត្រឡប់ទៅតុចរចាលើបទឈប់បាញ់ដែរឬក៏យ៉ាងណា? សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ កាលពីថ្ងៃអង្គារ បានយល់ព្រមទទួលយកបទឈប់បាញ់រយៈពេល ២សប្ដាហ៍ តែមួយម៉ោងប៉ុណ្ណោះ មុននឹង ឱសានវាទកម្ទេចអ៉ីរ៉ង់របស់លោកប្រធានាធិបតី ដូណាល់ ត្រាំផុតកំណត់។
សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានអះអាងពីជ័យជម្នះរៀងៗខ្លួនជុំវិញបទឈប់បាញ់។ ក្រុមប្រឹក្សាសន្តិសុខកំពូលអ៉ីរ៉ង់បានឱ្យដឹងថាកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់នឹងចាប់ផ្ដើមនៅថ្ងៃសុក្រ សប្ដាហ៍នេះក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ អ៉ីរ៉ង់បាននិយាយថាខ្លួននឹងធានាសុវត្ថិភាពការធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ក្នុងរយៈពេល២សប្ដាហ៍ ប្រសិនបើ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបញ្ឈប់ការវាយប្រហារ៕
