គុយបាប្រកាសថា ខ្លួនសម្រេចលើកលែងទោសដល់ អ្នកទោសចំនួន២០១០នាក់ ដើម្បីជាកាយវិការមនុស្សធម៌មួយ មុនបុណ្យសាសនាគ្រិស្ត Easter ឈានចូលមកដល់

ឡាហាវ៉ាន់៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា រដ្ឋាភិបាលនៃប្រទេសគុយបា បានប្រកាសថា ខ្លួនសម្រេចលើកលែងទោសដល់ អ្នកទោសសរុបចំនួន២០១០នាក់ ដើម្បីជាកាយវិការមនុស្សធម៌មួយ មុនបុណ្យសាសនាគ្រិស្ត Easter ឈានចូលមកដល់ បន្ទាប់ពី បានសន្យាកាលពីខែមីនាថា នឹងដោះលែងត្រឹមរាប់សិបនាក់ ចំពោះការបង្កើនសម្ពាធរបស់សហរដ្ឋអាមេរិក លើទីក្រុងឡាហាវ៉ាន់។
សេចក្តីប្រកាសធំមួយនេះធ្វើឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្ធូរបន្ថយការបិទខ្ទប់ លំហូរប្រេងទៅកាន់គុយបា តាមរយៈការអនុញ្ញាតឱ្យកប៉ាល់របស់រុស្ស៉ីនាំយកប្រេងឆៅ ចូលទៅឱ្យប្រទេសដែនកោះតំបន់ Caribbean មួយនេះ ដែលកំពុងជួបបញ្ហាខ្វះខាតប្រេងឥន្ធនៈខ្លាំង។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានទាមទារឱ្យមានការផ្លាស់ប្តូរក្នុងប្រព័ន្ធរដ្ឋាភិបាលរបស់គុយបា ដែលគ្រប់គ្រងដោយរបបដឹកនាំបែប កុម្មុយនិស្ត ហើយលោកប្រធានាធិបតីអាមេរិក ធ្លាប់លើកឡើងពីលទ្ធភាពកាន់កាប់ប្រទេសនេះតែម្តងថែមទៀតផង។ យ៉ាងណាមិញ ភាគីទាំងពីរមួយរយៈចុងក្រោយនេះ បានចាប់ផ្តើមបើកកិច្ចពិភាក្សាជាមួយគ្នា។
ការទាមទារដោះលែងអ្នកទោសនយោបាយ ជាយូរមកហើយគឺជាលក្ខខណ្ឌស្នូលមួយរបស់អាមេរិកចំពោះគុយបា។ ប៉ុន្តែ រដ្ឋាភិបាលគុយបា មិនបានប្រាប់ឱ្យច្បាស់អំពី ប្រភេទអ្នកទោសដែលត្រូវបានលើកលែងទោស ឬបទល្មើសដែលពួកគេបានប្រព្រឹត្ត ឬមួយក៏ពេលជាក់លាក់ ដែលពួកគេនឹងត្រូវដោះលែងនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា រដ្ឋាភិបាលគុយបា ធ្លាប់បានប្រកាសថា នឹងដោះលែងអ្នកទោសត្រឹម៥១នាក់ប៉ុណ្ណោះ ដើម្បីជាសញ្ញានៃសុច្ឆន្ទៈ ចំពោះបុរីវ៉ាទីកង់ ដែលជារឿយៗបានដើរតួនាទីជា អ្នកសម្រុះសម្រួលរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងឡាហាវ៉ាន់៕

