ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ជួបពិភាក្សាគ្នាក្នុងប្រទេសចិន ដើម្បីព្យាយាមរកវិធីបញ្ចប់ជម្លោះច្រើនខែមកនេះ

អ៉ីស្លាម៉ាបាដ៖ មន្ត្រីពីរនាក់មកពីទីក្រុងអ៉ីស្លាម៉ាបាដ បានប្រាប់ AFP កាលពីថ្ងៃពុធ ទី១ ខែមេសា ថាប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន កំពុងជួបពិភាក្សាគ្នាក្នុងប្រទេសចិន ដើម្បីព្យាយាមរកវិធីបញ្ចប់ជម្លោះច្រើនខែមកនេះ ដែលបង្កឡើងដោយការវាយប្រហារឆ្លងព្រំដែន។
ការពិភាក្សាធ្វើឡើងក្នុងទីក្រុង Urumqi បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar ទៅដល់ទីក្រុងប៉េកាំង ដើម្បីជួបសមភាគីចិន លោក Wang Yi។
មិនមាន ការ អធិប្បាយ អំពី ការពិភាក្សានោះទេ ពីសំណាក់ ក្រសួង ការ បរទេស និង យោធា ប៉ាគីស្ថាន នៅ ពេលដែល AFP ទាក់ទងទៅសុំការបញ្ជាក់។ ចំណែក រដ្ឋាភិបាល អាហ្វហ្គានីស្ថាន ក៏មិនទាន់មានការបញ្ជាក់ដែរ។
បើតាមមន្ត្រីសន្តិសុខជាន់ខ្ពស់ប៉ាគីស្ថានម្នាក់ គណៈប្រតិភូដឹកនាំដោយមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន កំពុងស្ថិតនៅក្នុងទីក្រុង Urumqi ដើម្បីជួបជាមួយក្រុមតាលីបង់អាហ្វហ្គានីស្ថាន ហើយវាកើតមានឡើងទៅតាមសំណើរបស់ចិន។ ចិន បាននិងកំពុងព្យាយាម សម្រុះសម្រួល ជម្លោះ ដែល កើនឡើង រវាង ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន ជាមួយការចាត់តាំងបេសកជនពិសេសមួយរូប ហើយសន្យាថានឹងដើរតួនាទីស្ថាបនាក្នុងការកាត់បន្ថយភាពតានតឹង៕

