ក្រសួងការពារជាតិរុស្ស៊ី៖ យន្តហោះដឹកជញ្ជូនយោធារុស្ស៊ីមួយគ្រឿង បានធ្លាក់បណ្ដាលឱ្យមនុស្ស២៩នាក់នៅលើនោះស្លាប់ទាំងអស់

គ្រីមៀ៖ នៅថ្ងៃពុធទី១ ខែមេសានេះក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា យន្តហោះដឹកជញ្ជូនយោធារុស្ស៊ីប្រភេទ An-26 មួយគ្រឿង បានធ្លាក់បោកផ្ទប់នឹងច្រាំងថ្មភ្នំក្នុងតំបន់គ្រីមៀ បណ្ដាលឱ្យមនុស្ស២៩នាក់នៅលើនោះស្លាប់ទាំងអស់។
ការទាក់ទងជាមួយយន្តហោះត្រូវបានកាត់ផ្ដាច់នៅម៉ោងប្រហែល៦ល្ងាចថ្ងៃអង្គារទី៣១ ខែមីនា ក្នុងអំឡុងពេលហោះហើរតាមគម្រោងលើដែនដីនៃតំបន់គ្រីមៀ ដែលរុស្ស៊ីបានកាត់យកពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន TASS ដកស្រង់ពីក្រសួងការពារជាតិ។
ក្រុមស្វែងរកបានរកឃើញទីតាំងធ្លាក់យន្តហោះ ហើយបានបញ្ជាក់ថា បុគ្គលិកយន្តហោះ៦នាក់ និងអ្នកដំណើរ២៣នាក់បានស្លាប់ទាំងអស់។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា៖«មិនមានការវាយប្រហារណាមួយលើយន្តហោះនោះទេ»។ នេះមានន័យថា ឧបទ្ទវហេតុនេះមិនមានការពាក់ព័ន្ធនឹងគ្រាប់មីស៊ីល ឬដ្រូនឡើយ។ បញ្ហាបច្ចេកទេស គឺជាមូលហេតុចម្បង ដែលគេកំពុងស៊ើបអង្កេតលើសោកនាដកម្មនេះ។
គួរបញ្ជាក់ថា យន្តហោះយោធាប្រភេទ An-26 គឺជាយន្តហោះដឹកជញ្ជូនយោធាធុនស្រាល ដែលត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៦០៕

