អភិបាលខេត្តកំពង់ស្ពឺ៖ សមិទ្ធផលជាច្រើនក្នុងមូលដ្ឋាន និងទីអារាម បង្ហាញពីសុខសន្តិភាពពេញលេញ ក្រោមការគិតគូ របស់រាជរដ្ឋាភិបាល

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា សមិទ្ធផលរូបវ័ន្តជាច្រើនដែលកើតមានឡើងក្នុងមូលដ្ឋានពីភូមិរហូតដល់ស្រុក ខេត្ត និងក្នុងទីអារាមសាសនា បានបង្ហាញឱ្យឃើញពីសក្ខីភាពដ៏ពិតប្រាកដមួយ ដែលកើតចេញកត្តាសុខសន្តិភាពពេញលេញ ក្រោមការគិតគូរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងបែបនេះក្នុងពិធីសម្ពោធឆ្លងសាលាធម្មសាលានិងសមិទ្ធផលនានា ក្នុងវត្តទួលតាម៉ៅ ស្ថិតនៅឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តថា ក្រោមម្លប់សន្តិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល សមិទ្ធផលរូបវន្តជាច្រើនត្រូវបានកសាងនៅតាមភូមិស្រុកទូទាំងប្រទេស រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានអាកាស សាលារៀន មន្ទីរពេទ្យ-មណ្ឌលសុខភាព វត្តអារាម ប្រព័ន្ធធារាសាស្ត្រ និងការរីកចម្រើននៃរោងចក្រសហគ្រាស។ ការអភិវឌ្ឍទាំងនេះគឺបាននិងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដែលជាក់ស្តែងខេត្តកំពង់ស្ពឺបច្ចុប្បន្នរោងចក្រ សហគ្រាសបានកើតឡើងបន្តបន្ទាប់ពីភូមិរហូតដល់ខេត្ត ដែលគិតមកទល់ថ្ងៃមានប្រមាណ ១៦០០រោងចក្រ សហគ្រាស និងមានកម្មករ កម្មការិនីជាង ៣០ម៉ឺនកំពុងធ្វើការ។
ឯកឧត្ដមអភិបាលខេត្តកំពង់ស្ពឺ គូសបញ្ជាក់ថា សមិទ្ធផលទាំងនេះជាសក្ខីភាពនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដដល់មូលដ្ឋាន ហើយសមិទ្ធផលទាំងនេះក៏បាននិងជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនធូរធាផងដែរ។ជាមួយ និងការរីកចម្រើនលើវិស័យអាណាចក្រ ក្រោមសុខសន្តិភាពនេះ វិស័យពុទ្ធចក្រក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដែលបង្ហាញឱ្យឃើញច្បាស់ថាវិស័យទាំង២នេះ ពិតជាមានទំនាក់ទំនងគ្នាល្អណាស់ ក្នុងសង្គមកម្ពុជាយើងបច្ចុប្បន្ន ពិសេសផ្ដោតសំខាន់ទៅលើការអប់រំព្រះធម៌ និងជួយបំពេញចន្លោះបន្ថែម សំដៅឆ្ពោះទៅកាន់ការកសាង សង្គមមួយប្រកបដោយធនធានមនុស្សមានបញ្ញាញាណខ្ពស់ មានក្រមសិលធម៌ មានសុជីវធម៌ គុណធម៌ មេត្តាធម៌ ដែលស្របតាមឱវាទរបស់ព្រះពុទ្ធ ព្រះបរមគ្រូនៃយើង៕

