លោក ដូណាល់ ត្រាំ ដាក់ឱសានវាទទៅកាន់រដ្ឋធានីតេហេរ៉ង់ ទុកពេលឱ្យ៤៨ម៉ោង បើកច្រកសមុទ្ទហ័រមូស្ស

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានដាក់ឱសានវាទទៅកាន់រដ្ឋធានីតេហេរ៉ង់ ដោយទុកពេលឱ្យត្រឹម៤៨ម៉ោងប៉ុណ្ណោះ បើកច្រកសមុទ្ទហ័រមូស្ស ឱ្យនាវាដឹកជញ្ជូនឆ្លងកាត់ឡើងវិញ បើមិនដូច្នោះទេ អ៊ីរ៉ង់នឹងត្រូវប្រឈមមុខនឹងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលទូទាំងប្រទេស។
សារយ៉ាងក្ដៅគគុកមួយ ត្រូវបាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បង្ហោះលើបណ្តាញសង្គម Truth Social របស់លោកថា៖”ប្រសិនបើអ៊ីរ៉ង់មិនបើកច្រកសមុទ្ទហ័រមូស្សឱ្យបានពេញលេញ និងគ្មានការគំរាមកំហែងក្នុងរយៈពេល៤៨ម៉ោង គិតចាប់ពីពេលនេះតទៅទេ នោះសហរដ្ឋអាម៉េរិកនឹងវាយប្រហារកម្ទេចរោងចក្រអគ្គិសនីនានារបស់ពួកគេ ដោយចាប់ផ្តើមពីរោងចក្រដែលធំបំផុតមុនគេ”។
ការប្រកាសអាសន្ននេះ កើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្ទដ៏មានសារសំខាន់នេះ ដើម្បីសងសឹកនឹងការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្ដើម កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
ច្រកសមុទ្ទហ័រមូស្ស គឺជាផ្លូវទឹកយុទ្ធសាស្ត្រដឹកជញ្ជូនប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ប្រមាណ១ភាគ៥ នៃតម្រូវការពិភពលោក។ ការបិទច្រកសមុទ្ទនេះ បានធ្វើឱ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់ និងបង្កជាក្ដីបារម្ភអំពីអតិផរណាធ្ងន់ធ្ងរដល់រដ្ឋាភិបាលជុំវិញពិភពលោក៕

