ឯកឧត្តម ជីវ ស៊ុនហេង ដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចការរដ្ឋបាលទូទៅ រវាងអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី

ភ្នំពេញ៖នារសៀលថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការគ្រប់គ្រងរដ្ឋបាលទូទៅ រវាងអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ ពន្លឿនសង្វាក់ប្រតិបត្តិការរដ្ឋបាល និងធានាឱ្យបាននូវសង្គតិភាពក្នុងការសម្របសម្រួលឯកសារ ក៏ដូចជាកិច្ចការងារប្រចាំថ្ងៃរវាងអង្គភាពទាំងពីរឱ្យកាន់តែមានភាពរលូន ហ្មត់ចត់ និងទាន់ពេលវេលា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ លោក លោកស្រី ជាប្រធាន-អនុប្រធាននាយកដ្ឋាន និងការិយាល័យពាក់ព័ន្ធ ព្រមទាំងមន្ត្រីខុទ្ទកាល័យជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍គន្លឹះៗ និងណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យរៀបចំលិខិតស្នាម និងការគ្រប់គ្រងព័ត៌មានរដ្ឋបាល ដើម្បីគាំទ្រដល់បេសកកម្មរបស់ក្រសួងឱ្យសម្រេចបានលទ្ធផលតាមផែនការកំណត់។ បន្ថែមពីនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើស្មារតីសហការជិតស្និទ្ធ និងការទទួលខុសត្រូវខ្ពស់លើភារកិច្ចរៀងៗខ្លួន សំដៅលើកកម្ពស់គុណភាពការងាររដ្ឋបាលឱ្យកាន់តែមានប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី៕

