លោក ដូណាល់ ត្រាំ ចោទប្រកាន់អ៉ីរ៉ង់ថាកំពុងប្រើប្រាស់ បញ្ញាសិប្បនិម្មិត្ត ឬ AI ជាអាវុធព័ត៌មានក្លែងក្លាយ

បរទេស៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់អ៉ីរ៉ង់ថាកំពុងប្រើប្រាស់ បញ្ញាសិប្បនិម្មិត្ត ឬ AI ជាអាវុធព័ត៌មានក្លែងក្លាយ ដើម្បីបំភាន់ភាពជោគជ័យនិងការគាំទ្ររបស់ខ្លួន ចំពោះមុខសង្រ្គាមជាមួយអាមេរិក និងអ៉ីស្រាអែល។
«AI អាចបង្កគ្រោះថ្នាក់ជាខ្លាំង យើងចាំបាច់ត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែនចំពោះវា» លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ មិនយូរប៉ុន្មានបន្ទាប់ពីលោក បានបង្ហោះសារលើបណ្តាញសង្គម ដោយចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចថា គប់គិតជាមួយអ៉ីរ៉ង់ដើម្បីចែកចាយព័ត៌មានមិនពិតបង្កើតដោយ AI។
លោក ដូណាល់ ត្រាំ ឧស្សាហ៍ចោទប្រកាន់បណ្តាញសារព័ត៌មានថាភូតកុហក នៅពេលដែលពួកគេចុះផ្សាយរឿង ដែលលោកមើលទៅឃើញថា មានលក្ខណៈរិះគន់រូបលោក។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតីអាមេរិក បានលើកឧទាហរណ៍មួយចំនួន ដែលលោកអះអាងថា អ៉ីរ៉ង់បានប្រើ AI ដើម្បីបំភាន់ផ្នែកសាធារណជន។
លោក ត្រាំ បាននិយាយថា អ៉ីរ៉ង់បានប្រើប្រាស់ទូកអត្តឃាត ដែលតាមពិតគឺមិនមានឡើយ ហើយលោកបន្តថា អ៉ីរ៉ង់បានប្រើប្រាស់ AI ដើម្បីបង្ហាញពីការវាយប្រហារជោគជ័យមួយ លើនាវាផ្ទុកយន្តហោះចម្បាំងអាមរិក USS Abraham Lincoln។
លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា រូបភាពដែលបង្ហាញប្រជាជនអ៉ីរ៉ង់រហូតដល់២៥០ ០០០នាក់ ប្រមូលផ្តុំគ្នាគាំទ្រមេដឹកនាំកំពូលថ្មី Mojtaba Khamenei គឺបង្កើតឡើងដោយ AI សុទ្ធសាធ ហើយព្រឹត្តិការណ៍នោះ មិនដែលកើតឡើងទេ៕

